(ប៉េកាំង)៖ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បានលើកឡើងនៅថ្ងៃពុធនេះថា កូរ៉េខាងជើងត្រូវតែបញ្ឈប់ការបាញ់មីស៊ីលផ្លោង និងអាវុធនុយក្លេអ៊ែរ ហើយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក៏ត្រូវតែបញ្ឈប់ការធ្វើសមយុទ្ធយោធារួមទ្រង់ទ្រាយធំដូចគ្នាផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។
កាលពីព្រឹកថ្ងៃចន្ទសប្តាហ៍នេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងចំនួនបួនគ្រាប់ ដែលគេជឿជាក់ថាហោះបានចម្ងាយ១,០០០គីឡូម៉ែត្រ ហើយក្នុងចំណោមមីស៊ីលទំាងនេះមានបីគ្រាប់ធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខជប៉ុន នៅឯតំបន់សមុទ្រខាងកើត។ តែយ៉ាងណាក្តីប្រភេទមីស៊ីលមិនទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ខណៈកងទ័ពកូរ៉េខាងត្បូងវាយតម្លៃថា មីស៊ីលផ្លោងទំាងបួនគ្រាប់នេះអាចត្រូវបានអភិវឌ្ឍន៍ចេញពីប្រភេទមីស៊ីលបាញ់ចេញពីនាវាមុជទឹក SLBM។
គួរបញ្ជាក់ការធ្វើតេស្តមីស៊ីលខាងលើនេះ ទំនងជាត្រូវបានធ្វើឡើងដើម្បីបង្ហាញអំពីកំហឹងរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ចំពោះសមយុទ្ធយោធាប្រចាំឆ្នាំដែលមានទ្រង់ទ្រាយដ៏ធំរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ប៉ុន្តែក្រោយមកសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយថា វាការត្រៀមខ្លួនដើម្បីវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅប្រទេសជប៉ុន ប្រសិនបើមានការគំរាមកំហែងណាមួយមកលើទីក្រុងព្យុងយ៉ាងនោះ៕