(សេអ៊ូល)៖ អាជ្ញាធរកូរ៉េខាងជើងនាពេលថ្មីៗ បានចេញសេចក្តីបង្គាប់ហាមមិនឲ្យប្រជាជនរបស់ខ្លួន ដែលស្ថិតនៅក្រៅប្រទេស (រួមទាំងបេសកកម្មការទូត) ប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតបាននោះឡើយ ដែលនេះគឺជាការព្យាយាមថ្មីមួយទៀត ដើម្បីរារាំងការរីកសាយភាយនៃព័ត៌មានអំពីការលួចធ្វើឃាតលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃរបស់លោក គីម ជុងអ៊ុន នៅក្នុងចំណោមប្រជាពលរដ្ឋដែលស្ថិតនៅក្នុងកូរ៉េខាងជើង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។
ប្រភពព័ត៌មានដដែលបានឲ្យដឹងថា កូរ៉េខាងជើងបានចេញបញ្ជាឲ្យបេសកកម្មការទូតរបស់ខ្លួននៅបរទេស ធ្វើយ៉ាងណាហាមឃាត់ជនជាតិរបស់ខ្លួន ដែលត្រូវបានបញ្ជូនឲ្យទៅធ្វើការនៅក្រៅប្រទេស កុំឲ្យប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតតាមរយៈទូរស័ព្ទដៃរបស់ពួកគេបាន ជាមួយនិងការព្រមានអំពីការកោះហៅត្រឡប់មកកាន់មាតុភូមិវិញ ព្រមទាំងការទទួលពិន័យធ្ងន់ធ្ងរ នៅពេលដែលពួកគេមិនគោរពតាមការសេចក្តីបង្គាប់នេះ។
កូរ៉េខាងជើងបានចេញបញ្ជាដូច្នេះថា «កុំប្រើប្រាស់អ៊ីនធើណែត កុំផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ហើយការកោះហៅនិងទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ នឹងត្រូវធ្វើឡើងបើសិនមានអ្នកហ៊ានបំពានបទបញ្ជានេះ»។ គួរបញ្ជាក់ថាយោងប្រភពព័ត៌មានខាងលើនេះ ការដាក់បំរាមហាមឃាត់មិនឲ្យប្រើប្រាស់ប្រព័ន្ធអ៊ីនធើណែតនេះ មានជាប់ពាក់ព័ន្ធនឹងការរីករាលដាលនៃដំណឹងអំពីការលួចធ្វើឃាតលោក គីម ជុងណាំ នៅក្នុងប្រទេសកូរ៉េខាងជើង៕