(គូឡាឡាំពួ)៖ បុរសវ័យក្មេងម្នាក់បានលេចមុខនៅក្នុងវីដូអូមួយ ត្រូវបានគេបង្ហោះលើ Youtube ដោយអះអាងថារូបខ្លួនគឺឈ្មោះ គីម ហាន់សូល កូនប្រុសរបស់បុរសកូរ៉េខាងជើងម្នាក់ ដែលគេជឿជាក់ថាជាលោក គីម ជុងណំា ត្រូវបានគេធ្វើឃាតនៅម៉ាឡេស៊ីកាលពីខែមុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។
វីដេអូមានចំណងជើងថា KHS Video មិនដឹងថតតាំងពីថ្ងៃណាមកនោះទេ ក៏ប៉ុន្តែវាត្រូវបានបង្ហោះនៅលើគេហទំព័រ Youtube នៃក្រុមមួយមានឈ្មោះថា Cheollima Civil Defense កាលពីថ្ងៃអង្គារកន្លងទៅ។ បន្ថែមពីលើនេះនៅក្នុងវីដេអូនេះដែរ បុរសខាងលើបាននិយាយថា «ខ្ញុំឈ្មោះ គីម ហាន់ សូល ជនជាតិកូរ៉េខាងជើង និងជាសាច់ញាតិរបស់លោក គីម ជុងណាំ (...) ឪពុក (លោក គីម ជុងណាំ) របស់ខ្ញុំត្រូវបានគេសម្លាប់កាលពីប៉ុន្មានថ្ងៃមុន។ បច្ចុប្បន្នខ្ញុំកំពុងរស់នៅជាមួយម្ដាយ និងប្អូនស្រីរបស់ខ្ញុំ។ ពួកយើងពិតជាអរគុណណាស់សម្រាប់.... និងសង្ឃឹមថាអ្វីៗនឹងល្អប្រសើរឡើងវិញ»។
គួរបញ្ជាក់ថានៅក្នុងវីដេអូរយៈពេលតែ៤០វិនាទី បុរសវ័យក្មេងរូបនេះ ក៏បានបង្ហាញពីលិខិតឆ្លងដែនរបស់ខ្លួនផងដែរ តែព័ត៌មានបញ្ជាក់ត្រូវបានបំាងដោយផ្ទាំងពណ៌ខ្មៅ ខណៈ Channel News Asia បានបញ្ជាក់ជាមួយសកម្មជនម្នាក់ឈ្មោះ ដូ ហ៊ីយុន (Do Hee Youn) មកពីអង្គការទទួលបន្ទុកជនភៀសខ្លួនកូរ៉េខាងជើងបានអះអាងថា បុរសនៅក្នុងវីដេអូពិតជាលោក គីម ហាន់សូល។ ទោះបីជាយ៉ាងណា អាជ្ញាធរម៉ាឡេស៊ីមិនបានធ្វើអត្ថាធិប្បាយអ្វីឡើយ ចំពោះការអះអាងនេះ ដោយគ្រាន់តែបញ្ជាក់ថា អាជ្ញាធរម៉ាឡេស៊ីមានមធ្យោបាយផ្ទាល់ខ្លួន ដើម្បីទាក់ទងនឹងគ្រួសារលោក គីម។
លោក គីម ជុងណាំ ដែលកូរ៉េខាងត្បូង និងម៉ាឡេស៊ីអះអាងថាជាបងប្រុសរបស់លោក គីម ជុងអ៊ុន មេដឹកនាំកំពូលកូរ៉េខាងជើងនោះ បានទទួលមរណភាពដោយសារការបំពុលសារធាតុគីមី VX នៅព្រលានយន្តហោះអន្តរជាតិទីក្រុងគូឡាឡាំពួរ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ដែលរហូតដល់ពេលនេះ បានរាលដាលទៅជាសង្គ្រាមការទូតមិនធ្លាប់មានរវាងម៉ាឡេស៊ី និងកូរ៉េខាងជើង៕