(គូឡាឡាំពួរ)៖ មន្ទីរអន្តោប្រវេសន៍រដ្ឋ Perlang នៃប្រទេសម៉ាឡេស៊ីកំពុងបង្កើនការឃ្លាំមើលនៅតាមបណ្តោយព្រំដែនជាមួយប្រទេសថៃដើម្បីធានាថា ពុំមានជនជាតិកូរ៉េខាងជើងណាម្នាក់អាចលួចរត់ចាកចេញ តាមរយៈប្រទេសជិតខាងមួយនេះបាននោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃពុធ ទី០៨ ខែមីនា ឆ្នាំ២០១៧។
លោក Mohd Amir Othman ប្រធានមន្ទីរខាងលើបានឲ្យដឹងថា ចំណាត់ការថ្មីនេះត្រូវបានធ្វើឡើងដោយអនុឡោមទៅតាមសេចក្តីណែនាំនាថ្ងៃអង្គារសប្តាហ៍នេះពីក្រសួងកិច្ចការផ្ទៃក្នុង។ ព្រមពេលជាមួយគ្នានៅក្នុងទីក្រុង Alor Setar មន្ទីរអន្តោប្រវេសន៍រដ្ឋ Kedah កំពុងប្រើប្រាស់វិធានការដូចគ្នានៅតាមព្រំដែនរដ្ឋមួយនេះជាប់នឹងថៃ ហើយប្រធានមន្ទីរដដែលនេះបាននិយាយថា ចំណាត់ការនេះត្រូវអនុវត្តន៍ភ្លាមៗដើម្បីរឹតបន្តឹងការគ្រប់គ្រងនៅតាមព្រំដែន បន្ទាប់ពីសេចក្តីបង្គាប់បញ្ជាត្រូវបានដាក់ចេញពីថ្នាក់ដឹកនាំ។
ដោយឡែកក្នុងរដ្ឋ Johor ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ីវិញ មន្ទីរអន្តោប្រវេសន៍ប្រចាំទីនោះបានអះអាងថា ខ្លួននឹងធ្វើយ៉ាងណាធានាឲ្យបានថា មិនមានជនជាតិកូរ៉េខាងជើងណាម្នាក់ ចាកចេញពីម៉ាឡេស៊ីតាមច្រកព្រំដែនរវាងរដ្ឋ Johor និងប្រទេសសិង្ហបុរីនោះឡើយ ហើយលោក Rohaizi Bahari ដែលជាប្រធានមន្ទីរនេះបានថ្លែងថា វិធានការនេះនឹងត្រូវអនុវត្តន៍រហូតដល់ពេលមានការសម្រេចចិត្តផ្លាស់ប្តូរពីរដ្ឋាភិបាល។
គួរបញ្ជាក់ថារដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនៅថ្ងៃអង្គារម្សិលមិញនេះ បានដាក់បំរាមធ្វើដំណើរមិនឲ្យជនជាតិម៉ាឡេស៊ីទាំងអស់ ចាកចេញពីប្រទេសកូរ៉េខាងជើងនោះឡើយ ហើយភ្លាមៗក្រោយមកដើម្បីជាការឆ្លើយតបរដ្ឋាភិបាលទីក្រុងគូឡាឡាំពួរ បានដាក់បំរាមដូចគ្នានេះទៅលើជនជាតិកូរ៉េខាងជើងដែលស្ថិតនៅម៉ាឡេស៊ី និងបានបិទច្រកព្រំដែនរបស់ខ្លួនមិនឲ្យប្រជាជនកូរ៉េខាងជើងចាកចេញ៕