(គូឡាឡាំពួរ)៖ ម៉ាឡេស៊ីនឹងនៅរង់ចាំដើម្បីសាកសួរជនសង្ស័យប៉ុន្មានរូប ពាក់ព័ន្ធក្នុងករណីឃាតកម្មលើលោក គីម ជុងណាំ ដែលត្រូវគេជឿជាក់ថាកំពុងសំងំលាក់ខ្លួនក្នុងស្ថានទូតកូរ៉េខាងជើងនៅរដ្ឋធានីគូឡាឡាំពួរ ទោះបីជាវាត្រូវចំណាយពេលដល់ទៅប្រាំឆ្នាំក៏ដោយ។ នេះបើតាមសម្តីធ្ងន់ៗរបស់មេបញ្ជាការប៉ូលិសម៉ាឡេស៊ី ដែលត្រូវបានដកស្រង់ដោយសារព័ត៌មាន Straits Times នៅមុននេះបន្តិចនាល្ងាចថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។
កម្លាំងប៉ូលិសម៉ាឡេស៊ីបានដាក់រនាំងហ៊ុមព័ទ្ធជុំវិញស្ថានទូតកូរ៉េខាងជើង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបានប្រកាសថានឹងដាក់បំរាមហាមមិនឲ្យជនជាតិម៉ាឡេស៊ីទាំងអស់ចាកចេញពីប្រទេសកូរ៉េខាងជើងនោះឡើយ ដែលប្រការនេះបានជំរុញឲ្យមានការចាត់វិធានការក្តៅឆ្លើយតបតាមរបៀបដូចគ្នាភ្លាមៗពីសំណាក់ទីក្រុងគូឡាឡាំពួរ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយមេបញ្ជាការប៉ូលិសម៉ាឡេស៊ី លោក Khalid Abu Bakar បានសង្កត់ធ្ងន់ថា «យើងនឹងនៅរង់ចាំបើទោះបីជាវាត្រូវចំណាយពេលប្រាំឆ្នាំក៏ដោយ យើងនឹងបន្តរង់ចាំរហូតនៅខាងក្រៅនេះ»។ លោក Khalid បានបន្ថែមថារូបលោកមានការជឿជាក់ខ្ពស់ថាជនសង្ស័យយ៉ាងហោចណាស់ចំនួនបីនាក់ ដែលជាប់ពាក់ព័ន្ធជាមួយករណីឃាតកម្មលើលោក គីម ជុងណាំ កំពុងសំងំលាក់ខ្លួននៅក្នុងអគារស្ថានទូតកូរ៉េខាងជើង។
គួរបញ្ជាក់ថាជាការឆ្លើយតបទៅនឹងបំរាមរបស់កូរ៉េខាងជើង ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ahmad Zahid Mamidi បានចេញសេចក្តីណែនាំមិនឲ្យមន្រ្តីទូតកូរ៉េខាងជើងចាកចេញពីប្រទេសម៉ាឡេស៊ីឡើយ៕