(ប៉េកាំង)៖ ក្រសួងការបរទេសចិនជាថ្មីម្ដងទៀត បានសម្ដែងការជំទាស់យ៉ាងខ្លាំងទៅនឹងការសម្រេចចិត្តដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីល THAAD នៅលើទឹកដីកូរ៉េខាងត្បូង ព្រមទំាងអះអាងដែរថា នឹងចាត់វិធានការតឹងរ៉ឹងក្នុងការការពារសន្តិសុខរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានចិន GTN នៅល្ងាចថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។
យោងតាមក្រសួងការពារជាតិកូរ៉េខាងត្បូង ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូលបានចាប់ផ្ដើមដំណើរការនីតិវិធីតម្លើង THAAD ដោយផ្នែកមួយចំនួននៃប្រព័ន្ធការពារមីស៊ីលនេះ បានមកដល់មូលដ្ឋានទ័ពអាកាស Osan កាលពីថ្ងៃចន្ទ តាមរយៈយន្ដហោះយោធា C-17 ហើយព្រមពេលជាមួយគ្នាទីក្រុងសេអ៊ូល ក៏នៅតែអះអាងដដែលថា THAAD មានគោលដៅតែមួយគត់ គឺប្រឈមមុខនឹងការគំរាមកំហែងពីសំណាក់មីស៊ីល និងអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង។
ទោះបីជាយ៉ាងណាក្តី អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បានព្រមានថា «ទីក្រុងប៉េកាំងនឹងចាត់វិធានការតឹងរ៉ឹង និងចាំបាច់ជាបន្តបន្ទាប់ ដើម្បីការពារផលប្រយោជន៍សន្តិសុខជាតិរបស់ខ្លួន រីឯសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺជាអ្នកទទួលខុសត្រូវចំពោះផលវិបាកទំាងអស់ ដែលកើតចេញពីការតម្លើង THAAD»។
គួរបញ្ជាក់ថាតាមការគ្រោងទុក THAAD នឹងត្រូវបានដាក់ពង្រាយនៅលើទីលានវាយកូនហ្គោលមួយកន្លែង ក្នុងតំបន់ Seongju នៃ ខេត្ត Gyeongsang ខាងជើងស្ថិតនៅចំងាយ ២៩៦គីឡូម៉ែត្រពីទីក្រុងសេអ៊ូល ខណៈបើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ការដាក់ពង្រាយ THAAD អាចនឹងបញ្ចប់ក្នុងរយៈ ពេលពីមួយខែទៅពីរខែ ឬក៏អាចប្រតិបត្តិការនៅដើមខែមេសាខាងមុខនេះ៕