(ម៉ានីល)៖ ចិននិងហ្វីលីពីននៅថ្ងៃអង្គារនេះបានជជែកពិភាក្សា អំពីវិធីសាស្រ្តជួយឲ្យទំនាក់ទំនងពាណិជ្ជកម្ម និងវិយោគទុនរវាងប្រទេសជិតខាងគ្នាទាំងពីរនេះឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។
ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅក្រោយជំនួបពិភាក្សាការងារជាមួយសមភាគីចិន រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃប្រទេសហ្វីលីពីនលោក Ramon Lopez បានឲ្យដឹងថា «ភាគីទាំងពីរបានឯកភាពគ្នាលើកិច្ចផ្តួចផ្តើមសំខាន់ៗ ដែលត្រូវបានបង្កើតឡើងសំដៅឆ្ពោះទៅរកការបង្កើនទំហំពាណិជ្ជកម្ម និងវិនិយោគទុករវាងប្រទេសទាំងពីរ»។ ម៉្យាងវិញទៀតនាឱកាសនោះលោក Lopez ក៏បានបញ្ជាក់ដែរថារូបលោកមានការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះរដ្ឋមន្រ្តីពាណិជ្ជកម្មថ្មីរបស់ចិនគឺលោក Zhong Shan កំពុងស្ថិតនៅក្នុងរដ្ឋធានីម៉ានីលសម្រាប់ដំណើរទស្សនកិច្ច។
គួរបញ្ជាក់ថាលោករដ្ឋមន្រ្តីទាំងពីររូបបានជួបពិភាក្សាគ្នានាថ្ងៃអង្គារនេះ នៅអំឡុងកិច្ចប្រជុំគណៈកម្មការរួមហ្វីលីពីន-ចិនលើកទី២៨ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មហៅកាត់ថា JCETC ដែលជាយន្តការទ្វេភាគីផ្លូវការមួយសម្រាប់ការពិភាក្សានៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគទុន និងសេដ្ឋកិច្ច៕