(ហ្សាការតា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Malcolm Turnbull បានថ្លែងនៅថ្ងៃអង្គារនេះថា ប្រទេសរបស់លោកបានសំដៅសហការឲ្យកាន់តែជិតស្និទ្ធជាងមុនជាមួយឥណ្ឌូណេស៊ី ជុំវិញបញ្ហាសន្តិសុខនៅតាមដែនសមុទ្រ ប៉ុន្តែបានបញ្ជាក់អះអាងថា ពុំគំរោងសម្រាប់ធ្វើការល្បាតនៅតំបន់សមុទ្រចិនខាងត្បូងរួមគ្នានោះឡើយរវាងប្រទេសជិតខាងទាំងពីរនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអូស្រា្តលីកាលពីខែកុម្ភៈកន្លងទៅ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានឲ្យដឹងថារូបលោកពិតជាចង់ឃើញមានការល្បាតតាមដែនសមុទ្ររួមគ្នា និងបានបង្ហាញពីចេតនាថានឹងលើកយកគំនិតនេះទៅពិភាក្សាជាមួយលោក Turnbull ប៉ុន្តែលុះត្រាតែវាមិនបានបញ្ឆេះកំហឹងនៃភាពតានតឹងបន្ថែមទៀតជាមួយប្រទេសចិន។
ដោយឡែកនាថ្ងៃអង្គារនេះ នៅពេលដែលត្រូវបានចោទសួរដោយក្រុមអ្នកសារព័ត៌មានថា តើភាគីឥណ្ឌូណេស៊ីបានលើកឡើងពីចេតនាខាងលើនៃការធ្វើនាវាចរល្បាតរួមគ្នាដែរឬយ៉ាងណានោះ លោកនាយករដ្ឋមន្រ្តីអូស្រា្តលីបានឆ្លើយបញ្ជាក់ថា «យើងនឹងមិនធ្វើសកម្មភាពទាំងឡាយណា ដែលអាចដុតរោលភាពតឹងតែងនៅតំបន់សមុទ្រចិនខាងត្បូងនោះឡើយ»។ លោក Turbull ដែលកំពុងស្ថិតនៅក្នុងរដ្ឋធានីហ្សាការតាដើម្បីចូលរួមកិច្ចប្រជុំកំពូល IORA នោះបានថ្លែងបន្តទៀតថា «ការប្តេជ្ញារបស់ពួកយើងគឺផ្តោតទៅលើការបង្កើនកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នាពាក់ព័ន្ធនឹងសន្តិសុខតាមដែនសមុទ្រ ដូច្នេះយើងបានពិភាក្សាភាគច្រើនពីប្រធានបទស្តីពីការសហការ និងសម្របសម្រួល ប៉ុន្តែមិនហួសពីនេះនោះឡើយ»។
គួរបញ្ជាក់ថាចិនបានទាមទារយកតំបន់ស្ទើរតែទាំងស្រុងនៅសមុទ្រចិនខាងត្បូង ដែលមានទំហំពាណិជ្ជកម្មឆ្លងកាត់ប្រហែលប្រាំពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិកជារៀងរាល់ឆ្នាំ ប៉ុន្តែប្រទេសដទៃទៀតរួមមាន ព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមក៏បានទាមទារចំណែករៀងៗខ្លួននៃសមុទ្រដ៏ស្តុកស្តមនេះផងដែរ។ ដោយឡែកទោះបីជាឥណ្ឌូណេស៊ីបានប្រកាន់ជំហរអព្យាក្រឹតក៏ដោយ រដ្ឋាភិបាលទីក្រុងហ្សាការតាមានការមិនពេញចិត្តជាខ្លាំង បន្ទាប់ពីចិនបាននិយាយថាប្រទេសទាំងពីរមានការទាមទារលើផ្ទៃទឹកជាន់គ្នា ដែលស្ថិតនៅក្បែរប្រជុំកោះ Natuna របស់ឥណ្ឌូណេស៊ី៕