(គូឡាឡាំពួ)៖ ជនជាតិម៉ាឡេស៊ី១១នាក់ត្រូវបានអាជ្ញាធរកូរ៉េខាងជើង រារាំងមិនឱ្យចាកចេញពីប្រទេសកុម្មុយនីស្ដឯកោមួយនេះឡើយ នៅឯអាកាសយានដ្ឋានក្នុងទីក្រុងព្យុងយ៉ាង។ នេះបើតាមអនុរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Reezal Merican Naina Merican ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។
យោងតាមសារព័ត៌មានម៉ាឡេស៊ី The Star លោក Reezal បាននិយាយថា «បច្ចុប្បន្នមិនមានការគំរាមកំហែងដល់ជីវិតពួកគេនោះទេ ក៏ប៉ុន្តែសុវត្ថិភាព របស់ពួកគេកំពុងស្ថិតនៅក្រោមការតាមដានដោយអាជ្ញាធរកូរ៉េខាងជើង។ ចំណែកឯលោកអគ្គរដ្ឋទូត និងភរិយាបានត្រឡប់មកស្រុកកំណើតវិញកាលពីជាងពីរសប្ដាហ៍មុនមកម្លេះ»។
គួរបញ្ជាក់ថាបើតាម The Star ជនជាតិម៉ាឡេស៊ីទាំង១១នាក់ខាងលើ ក្នុងនោះរួមមានទាំងបុគ្គលិកទូត០៣នាក់ និងគ្រួសាររបស់ពួកគេ។ ទីក្រុងព្យុងយ៉ាង ជាការឆ្លើយតបទៅនឹងការបណ្ដេញអគ្គរដ្ឋទូតរបស់ខ្លួន បានសម្រេចចិត្តនៅថ្ងៃអង្គារនេះ ដាក់បម្រាមមិនឱ្យជនជាតិម៉ាឡេស៊ីចាកចេញពីកូរ៉េខាងជើង ខណៈម៉ាឡេស៊ីក៏បានចាត់វិធានការបែបនេះផងដែរ៕