(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាថ្មីស្ដីពី ការហាមឃាត់ការធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ពីសំណាក់ប្រជាជនមកពីបណ្ដាប្រទេសមូស្លីមចំនួន០៦ បន្ទាប់ពីបទបញ្ជាកាលពីលើកមុនត្រូវបានចៅក្រមសាលាឧទ្ធរណ៍សហព័ន្ធរាំងខ្ទប់រួចមក។ ក៏ប៉ុន្តែ អ៊ីរ៉ាក់មិនមានឈ្មោះនៅក្នុងបញ្ជីនៃបណ្ដាប្រទេសជាប់បម្រាមទំាងនេះទៀតនោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។
យោងតាមសេតវិមានបទបញ្ជាថ្មីរបស់លោក ត្រាំ ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី១៦ ខែមីនានោះ វានៅតែបន្តរក្សាការហាមឃាត់រយៈពេល៩០ថ្ងៃដដែល ចំពោះប្រជាជនមកពីបណា្ដប្រទេសមូស្លីមចំនួន០៦ រួមមាន អ៊ីរ៉ង់ លីប៊ី ស៊ីរី សូម៉ាលី ស៊ូដង់ និងយ៉េមែន ព្រមទំាងរយៈ១២០ថ្ងៃ សម្រាប់ជនភៀសខ្លួនទំាងអស់។ ចំណែកឯអ៊ីរ៉ាក់វិញនឹងត្រូវដកចេញពីបញ្ជីឈ្មោះនៃប្រទេសទំាងនេះ ដោយសារតែទីក្រុងបាកដាដកំពុងចូលរួមចំណែក ជាមួយសហរដ្ឋអាមេរិកក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងនឹងក្រុម ISIS។
គួរបញ្ជាក់ថាប្រជាជនអ៊ីរ៉ាក់រាប់ពាន់នាក់ ធ្លាប់បានផ្ដល់កិច្ចសហការជាមួយកងទ័ពអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ ហើយមានអ្នកខ្លះបានបម្រើការងារជាអ្នកបកប្រែចាប់តំាងពីទីក្រុងវ៉ាស៊ីនតោន ចូលឈ្លានពានអ៊ីរ៉ាក់នៅឆ្នាំ២០០៣ ស្របពេលប្រជាជនអ៊ីរ៉ាក់មួយចំនួនត្រូវបានគេផ្តល់សិទ្ធិ ជ្រកកោនរស់នៅសហរដ្ឋអាមេរិក ក្រោមហេតុផលទទួលការគំរាមកំហែង បន្ទាប់ពីពួកគេបម្រើការងារឱ្យកងទ័ពអាមេរិក៕