(គូឡាឡាំពួ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក ណាជីប រ៉ាហ្សាក់ បានថ្កោលទោសទង្វើរបស់ប្រទេសកូរ៉េខាងជើងដែលបានហាមប្រជាជនម៉ាឡេស៊ី មិនឲ្យចាកចេញពីប្រទេសកុម្មុយនិស្តមួយនោះ ហើយថែមទាំងបានអំពាវនាវទៀត ឲ្យទីក្រុងព្យុងយ៉ាងធ្វើការដោះលែងប្រជាជនម៉ាឡេស៊ីទាំងអស់ជាបន្ទាន់ ដើម្បីកុំឲ្យអ្វីៗគ្រប់យ៉ាងប្រែក្លាយកាន់តែអាក្រក់ខ្លាំងជាងនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច នារសៀលថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។
គួរបញ្ជាក់ថាក្រោយទទួលបានព័ត៌មាន នៃដាក់បម្រាមលើប្រជាជនម៉ាឡេស៊ីនៅកូរ៉េខាងជើងនោះទីបំផុតរដ្ឋាភិបាលម៉ាឡេស៊ីបានចេញចំណាត់ការក្តៅភ្លាមៗ ឆ្លើយតបទៅនឹងបម្រាមដូចគ្នារបស់ទីក្រុងព្យុងយ៉ាងដោយ «ហាមមន្ត្រីទូត និងជនជាតិកូរ៉េខាងជើងទាំងអស់ ចាកចេញពីទឹកដីម៉ាឡេស៊ី» ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ថាវានឹងត្រូវអូសបន្លាយដល់ពេលណានោះឡើយ។
ការប្រកាសខាងលើនេះធ្វើឡើងដោយ លោកឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Ahmad Zahid Mamidi នៅទីក្រុងគូឡាឡាំពួរ តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីកូរ៉េខាងជើងបានចេញបម្រាមក្តៅៗមួយ ដោយហាមប្រជាជនម៉ាឡេស៊ីទាំងអស់ចាកចេញពីប្រទេសកូរ៉េខាងជើង។
សង្គ្រាមការទូតរវាងកូរ៉េខាងជើង និងម៉ាឡេស៊ីកាន់តែអាក្រក់ខ្លាំងឡើងថែមទៀត ដោយប្រជាពលរដ្ឋម៉ាឡេស៊ីទាំងអស់ ដែលកំពុងស្នាក់នៅកូរ៉េខាងជើងត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសកុម្មុយនិស្តមួយនេះឡើយ ដែលវាមានន័យថាពួកគេទាំងនោះក្លាយជាចំណាប់ខ្មាំង រហូតដល់រឿងក្តីលោក គីម ជុងណាំ ត្រូវបានដោះស្រាយរួចរាល់ទើបអាចមានការសម្រេចជាថ្មីពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។
សារព័ត៌មានរដ្ឋ KCNA បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង ចេញនៅថ្ងៃអង្គារនេះយ៉ាងដូច្នេះថា «ជនជាតិម៉ាឡេស៊ីទាំងអស់នៅកូរ៉េខាងជើង នឹងត្រូវហាមឃាត់ជាបណ្តោះអាសន្នសម្រាប់ការធ្វើដំណើរចាកចេញពីប្រទេសនេះ រហូតដល់រឿងក្តីដែលបានកើតមានឡើងនៅម៉ាឡេស៊ីទាំងអស់ត្រូវបានដោះស្រាយរួចរាល់»។ មិនត្រឹមតែរឿងក្តីពាក់ព័ន្ធនឹងអំពើឃាតកម្មលើលោក គីម ជុងណាំប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលកូរ៉េខាងជើងចង់បានថែមទៀតនោះ គឺការដោះស្រាយវិវាទការទូតរវាងប្រទេសទាំងពីរដែលកំពុងតែក្តៅគគុកបំផុត៕