(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថាទីក្រុងវ៉ាស៊ីនតោន នឹងប្រើប្រាស់គ្រប់សមត្ថភាពយោធារបស់ខ្លួនទំាងអស់ ដើម្បីទប់ទល់នឹងកូរ៉េខាងជើង ហើយដែលការលើកឡើងបែបនេះ ធ្វើឡើងនៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីជប៉ុន និងប្រធានាធិបតីស្ដីទីកូរ៉េខាងត្បូង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលផ្លោងចំនួន០៤គ្រាប់ ធ្លាក់ចូលក្នុងសមុទ្រជប៉ុនកាលពីថ្ងៃចន្ទ។ នេះបើតាមសេចក្ដីថ្លែងការណ៍របស់សេតវិមាន ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទនោះដែរ លោក ដូណាល់ ត្រាំ បានលើកឡើងថា «សហរដ្ឋអាមេរិក នឹងប្ដេជ្ញាចិត្តពេញទំហឹងឈរប្រកៀកស្មាជាមួយជប៉ុន និងកូរ៉េខាងត្បូងក្នុងការប្រឈមមុខរាល់ការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង»។ លោក ត្រាំ បានបន្ថែមថា «រដ្ឋាភិបាលរបស់លោកនឹងចាត់វិធានការទៅតាមដំណាក់កាលនីមួយៗ សំដៅពង្រឹងសមត្ថភាពការពារ និងទប់ទល់ជាមួយមីស៊ីលកូរ៉េខាងជើង តាមរយៈការប្រើប្រាស់គ្រប់សមត្ថភាពយោធា ទំាងអស់ដើម្បីធានាសន្តិសុខសម្ព័ន្ធមិត្តទំាងពីរ»។
គួរបញ្ជាក់ថាបើតាមសេចក្ដីថ្លែងការណ៍ខាងលើ លោក ដូណាល់ ត្រាំ បានព្រមព្រៀងនឹងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្សូ អាបេ និងប្រធានាធិបតីស្ដីពីកូរ៉េខាងត្បូង លោក វ៉ាង ឃ្យូអាន់ បន្តរក្សាទំនាក់ទំនងត្រីភាគី និងធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ បង្ហាញឱ្យកូរ៉េខាងជើងដឹងថា សកម្មភាពបង្ករឿងនិងគំរាមកំហែងរបស់ខ្លួន នឹងទទួលផលលំបាក និងការបំផ្លិចបំផ្លាញត្រឡប់មកវិញនៅថ្ងៃណាមួយ៕