(គូឡាឡាំពួ)៖ ជនជាតិកូរ៉េខាងជើងពីរនាក់ ដែលអាជ្ញាធរម៉ាឡេស៊ីកំពុងតាមរកដើម្បីសួរចម្លើយ ពាក់ព័ន្ធនឹងសំណុំរឿងឃាតកម្មលើលោក គីម ជុងណាំ កំពុងសម្ងំលាក់ខ្លួននៅក្នុងស្ថានទូតកូរ៉េខាងជើងប្រចំាទីក្រុងគូឡាឡាំពួ។ នេះបើតាមមេបញ្ជាការប៉ូលិសម៉ាឡេស៊ី ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន មេបញ្ជាការប៉ូលិសម៉ាឡេស៊ី លោក Khalid Abu Bakar បាននិយាយថា «តើពួកគេត្រូវចំណាយពេលយូរប៉ុណ្ណា ដើម្បីសម្ងំលាក់ខ្លួននៅក្នុងស្ថានទូត? នេះគឺជាបញ្ហាពេលវេលា មុននឹងពួកគេសម្រេចចិត្តចេញមកខាងក្រៅ»។ ជាមួយគ្នានោះដែរលោក Khalid បានបញ្ជាក់ឡើងវិញថា អាជ្ញាធរកូរ៉េខាងជើងមិនបានផ្ដល់កិច្ចសហការជាមួយក្រុមអ្នកស៊ើបអង្កេតម៉ាឡេស៊ីនោះទេ ជុំវិញសំណុំរឿងលោក គីម ជុងណាំ ដែលត្រូវបានគេធ្វើឃាតដោយប្រើសារធាតុគីមីពុល VX នៅឯព្រលានយន្ដហោះអន្តរជាតិទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី១៣ ខែកុម្ភៈ។
គួរបញ្ជាក់ថាដោយសារតែរឿងឃាតកម្មលើបងប្រុសលោក គីម ជុងអ៊ុន បានធ្វើឱ្យទំនាក់ទំនងការទូតរយៈពេលជាង ៤៧ឆ្នាំមកនេះរវាងម៉ាឡេស៊ី និងកូរ៉េខាងជើង ស្ទើរតែស្ថិតនៅក្នុងដំណាក់កាលមួយមិនបកក្រោយបាន ខណៈភាគីទំាងពីរបានបណ្ដេញអគ្គរដ្ឋទូតចេញពីប្រទេសរៀងៗខ្លួន។ ម្យ៉ាងវិញទៀតរហូតមកទល់នឹងពេលនេះ ទីក្រុងព្យុងយ៉ាងមិនទាន់ទទួលស្គាល់ឡើយទេថា បុរសកូរ៉េខាងជើងដែលបានស្លាប់នោះគឺជាលោក គីម ជុងណាំ ហើយថែមទំាងចោទប្រកាន់ថាកូរ៉េខាងត្បូង និងម៉ាឡេស៊ី បានផ្សំគំនិតគ្នានៅក្នុងការស៊ើបអង្កេត ដើម្បីបង្ខូចឈ្មោះកូរ៉េខាងជើងទៀតផង៕