(សេអ៊ូល)៖ រដ្ឋាភិបាលកូរ៉េខាងត្បូងបានលើកឡើងនៅថ្ងៃអង្គារនេះថា ការដាក់ទណ្ឌកម្មថ្មីដែលមានប្រសិទ្ធភាពខ្លាំងជាងមុន គឺជារឿងចាំបាច់បំផុតដើម្បីទប់ទល់នឹងសកម្មភាពបង្ករឿងឥតស្រាកស្រាន្តរបស់កូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់សាកល្បងមីស៊ីលផ្លោងចំនួនបីគ្រាប់ទៅកាន់សមុទ្រជប៉ុននាថ្ងៃចន្ទម្សិលមិញនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។
យោងតាមប្រភពព័ត៌មានដដែល កូរ៉េខាងត្បូងនឹងធ្វើការទាក់ទងយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក តាមរយៈកិច្ចពិភាក្សាដ៏សំខាន់មួយ ដែលមានការចូលរួមពីសំណាក់រដ្ឋមន្រ្តីការពារជាតិ និងមន្រ្តីទូតជាច្រើនរូបផ្សេងទៀតរបស់ភាគីទាំងពីរ។ ម៉្យាងវិញទៀតរដ្ឋាភិបាលទីក្រុងសេអ៊ូលបានយល់ស្របថា ការដាក់ទណ្ឌកម្មបន្ថែមដែលមានឥទ្ធិពលខ្លាំងក្លាជាងមុនប្រឆាំងនឹងកូរ៉េខាងជើង គឺជារឿងដ៏ចាំបាច់បំផុត ហើយកូរ៉េខាងត្បូងក៏នៅតែបន្តរក្សាការប្រុងប្រៀបយ៉ាងរឹងមាំ ដើម្បីត្រៀមទប់ទល់នឹងសកម្មភាពបង្ករឿងផ្សេងៗទៀតរបស់របបដឹកនាំទីក្រុងព្យុងយ៉ាងផងដែរ។
គួរបញ្ជាក់ថាសកម្មភាពបង្ករឿងដោយការបាញ់ធ្វើតេស្តមីស៊ីលនាពេលថ្មីៗនេះ របស់ទីក្រុងព្យុងយ៉ាង បានបង្កើនភាពតានតឹងយ៉ាងខ្លាំងនៅតាមបណ្តាប្រទេសក្បែរខាង ហើយវាត្រូវបានគេមើលឃើញថាជាការឆ្លើយតបបែបលក្ខណៈខឹងសម្បាររបស់ប្រទេសកុម្មុយនិស្តដ៏ឯកោមួយនេះ ចំពោះសមយុទ្ធយោធាទ្រង់ទ្រាយធំអាមេរិក-កូរ៉េខាងត្បូង ដែលកំពុងប្រព្រឹត្តទៅ និងការបន្ថែមល្បឿនរបស់សម្ព័ន្ធមិត្តទាំងពីរនេះ ទៅលើការបំពាក់ប្រព័ន្ធខែលការពារមីស៊ីល THAAD នៅឧបទ្វីបកូរ៉េ៕