(សេអ៊ូល)៖ សង្គ្រាមការទូតរវាងកូរ៉េខាងជើង និងម៉ាឡេស៊ីកាន់តែអាក្រក់ខ្លាំងឡើងថែមទៀតហើយ ដោយពេលនេះប្រជាពលរដ្ឋម៉ាឡេស៊ីទាំងអស់ ដែលកំពុងស្នាក់នៅកូរ៉េខាងជើងត្រូវបានហាមឃាត់មិនឲ្យចាកចេញពីប្រទេសកុម្មុយនិស្តមួយនេះឡើយ ដែលវាមានន័យថាពួកគេទាំងនោះក្លាយជាចំណាប់ខ្មាំង រហូតដល់រឿងក្តីលោក គីម ជុងណាំ ត្រូវបានដោះស្រាយរួចរាល់ទើបអាចមានការសម្រេចជាថ្មីពីរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង។ នេះបើតាមសារព័ត៌មាន Reuters ដកស្រង់ពីសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA នៅមុននេះបន្តិចនាព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។
សារព័ត៌មានរដ្ឋ KCNA បានដកស្រង់សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉េខាងជើង ចេញនៅថ្ងៃអង្គារនេះយ៉ាងដូច្នេះថា «ជនជាតិម៉ាឡេស៊ីទាំងអស់នៅកូរ៉េខាងជើង នឹងត្រូវហាមឃាត់ជាបណ្តោះអាសន្នសម្រាប់ការធ្វើដំណើរចាកចេញពីប្រទេសនេះ រហូតដល់រឿងក្តីដែលបានកើតមានឡើងនៅម៉ាឡេស៊ីទាំងអស់ត្រូវបានដោះស្រាយរួចរាល់»។ មិនត្រឹមតែរឿងក្តីពាក់ព័ន្ធនឹងអំពើឃាតកម្មលើលោក គីម ជុងណាំប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលកូរ៉េខាងជើងចង់បានថែមទៀតនោះ គឺការដោះស្រាយវិវាទការទូតរវាងប្រទេសទាំងពីរដែលកំពុងតែក្តៅគគុកបំផុត៕