(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានសម្រេចចិត្តបណ្ដេញអគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំទីក្រុងព្យុងយ៉ាង ជាការសងសឹកទៅនឹងការបណ្ដេញអគ្គរដ្ឋទូតរបស់ខ្លួន ដែលបានរិះគន់លើការស៊ើបអង្កេតនៃអាជ្ញាធរម៉ាឡេស៊ី ជុំវិញសំណុំរឿងឃាតកម្មលើ លោក គីម ជុងណាំ ខណៈខាងភាគីម៉ាឡេស៊ីក៏បានទទួលស្គាល់ការបណ្ដេញចេញនេះដែរ។ នេះបើតាមសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។
យោងតាម KCNA ក្រសួងការបរទេសកូរ៉េខាងជើងបានប្រកាសថា អគ្គរដ្ឋទូតម៉ាឡេស៊ី លោក Mohamad Nizan Mohamad គឺជាបុគ្គលមិនគួរទទួលស្វាគមន៍ ព្រមទាំងតម្រូវឱ្យចាកចេញពីកូរ៉េខាងជើង ក្នុងរយៈពេល៤៨ម៉ោង គិតចាប់តាំងពីម៉ោង១០ព្រឹកថ្ងៃអាទិត្យកន្លងទៅ។ ដោយឡែកទាក់ទិននឹងជម្លោះការទូតនេះដែរថ្លែងប្រាប់ Channel News Asia អគ្គលេខាធិការរងនៃក្រសួងការបរទេសម៉ាឡេស៊ី លោក Raja Nurshirwan បានបញ្ជាក់ដូច្នេះថា « វាគឺជាការពិតដែលអគ្គរដ្ឋទូតរបស់យើង ត្រូវបានគេចាត់ចូលជាបុគ្គលមិនគួរទទួលស្វាគមន៍ ហើយនេះជាសកម្មភាពឆ្លើយតបដាក់គ្នាទៅវិញទៅមកជាធម្មតានៅក្នុងវិស័យការទូត។ ក៏ប៉ុន្តែខ្ញុំចង់ ប្រាប់ថាអគ្គរដ្ឋទូតម៉ាឡេស៊ីត្រូវបានកោះហៅត្រឡប់មកវិញដោយរដ្ឋាភិបាល។ បច្ចុប្បន្នរូបគាត់កំពុងស្ថិតនៅម៉ាឡេស៊ី ហើយនឹងបន្តស្ថិតក្នុងប្រទេសមួយរយៈ»។
គួរបញ្ជាក់ថាសម្រាប់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំទីក្រុងគូឡាឡាំពួ លោក កាង ចុល សមតែត្រូវបានបណ្តេញចេញពីម៉ាឡេស៊ី សម្រាប់ការចោទប្រកាន់គ្មានមូលដ្ឋានប្រឆាំងរដ្ឋាភិបាលម៉ាឡេស៊ី។ តែទោះបីជាយ៉ាងនេះក្ដី លោក កាង ចុល មុនចាកចេញនៅថ្ងៃចន្ទនេះ បានអះអាងថាការបណ្ដេញរូបលោក នឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរយ៉ាងខ្លាំង៕