(សេអ៊ូល)៖ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានអះអាងថា លោក គីម ជុងអ៊ុន គឺជាអ្នកបញ្ជាដោយផ្ទាល់ការបាញ់សាកល្បងមីស៊ីលផ្លោង ចំនួន០៤គ្រាប់កាលពីថ្ងៃចន្ទ ដែលវាជាផ្នែកមួយនៃការធ្វើសមយុទ្ធបាញ់គ្រាប់មីស៊ីល ទុកសម្រាប់វាយប្រហារ នៅក្នុងករណីចាំបាច់ទៅលើមូលដ្ឋានកងទ័ពអាមេរិកនៅក្នុងប្រទេសជប៉ុនតែម្តង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី០៧ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន KCNA ក៏បានឱ្យដឹងដែរថា ការបាញ់សាកល្បងមីស៊ីលផ្លោង ត្រូវបានធ្វើឡើងដោយកងអង្គភាពកាំភ្លើងធំ Hwasong នៃកងកម្លាំងយុទ្ធសាស្ត្រកូរ៉េខាងជើង ដែលទទួលបន្ទុកវាយប្រហារលើមូលដ្ឋានទ័ពរបស់សត្រូវឈ្លានពាន នោះគឺចក្រពត្តិអាមេរិកនៅក្នុងប្រទេសជប៉ុន។ ជាងនេះទៅទៀតការធ្វើសមយុទ្ធនេះក៏មានគោលបំណងបញ្ជាក់ផងដែរពីសមត្ថភាពធ្វើសង្រ្គាមនុយក្លេអ៊ែរ និងការបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរនៅលើមីស៊ីលផ្លោងទាំងនេះ។
គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃចន្ទ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងចំនួនបួនគ្រាប់ ដែលគេជឿជាក់ថាហោះបានចំងាយ១,០០០គីឡូ ម៉ែត្រហើយក្នុងចំណោមមីស៊ីលទំាងនេះមានបីគ្រាប់ធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខជប៉ុន នៅឯតំបន់សមុទ្រខាងកើត។ តែយ៉ាងណាក្តីប្រភេទមីស៊ីលមិនទាន់ត្រូវបានគេបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ខណៈកងទ័ពកូរ៉េខាងត្បូងវាយតម្លៃថា មីស៊ីលផ្លោងទំាងបួនគ្រាប់នេះអាចត្រូវបានអភិវឌ្ឍន៍ចេញ ចេញពីប្រភេទមីស៊ីលបាញ់ចេញពីនាវាមុជទឹក SLBM៕