(ព្យុងយ៉ាង)៖ បន្ទាប់ពីមន្ត្រីទូតកូរ៉េខាងជើង លោក កាង ចុល បានចាកចេញពីប្រទេសម៉ាឡេស៊ីនៅប្រមាណ០៦ល្ងាចថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២១០៧នេះ មានព័ត៌មានបង្ហើបឲ្យដឹងថា កូរ៉េខាងជើងគ្រោងនឹងបណ្តេញឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំទីក្រុងព្យុងយ៉ាងវិញ ដើម្បីជាការសងសឹក ដល់ម៉ាឡេស៊ីបានបណ្តេញឯកអគ្គរដ្ឋកូរ៉េខាងជើងចេញពីម៉ាឡេស៊ី ក្រោមហេតុផលថា «មិនព្រមសុំទោសដល់ម៉ាឡេស៊ី ចំពោះការបញ្ចេញមតិ ធ្វើឲ្យប៉ះពាល់ដល់ម៉ាឡេស៊ី»។ នេះបើតាមការចេញផ្សាយរបស់ព័ត៌មានមុននេះបន្តិច នាល្ងាចថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ នេះ។
គួរបញ្ជាក់ថា ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅម៉ាឡេស៊ី លោក កាង ចុល ត្រូវបានបណ្តេញចេញពីម៉ាឡេស៊ី នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៧ សប្តាហ៍មុននេះ ក្នុងរយៈពេល៤៨ម៉ោងឲ្យលោករៀបចំចេញ ដោយចាត់ទុកលោក កាង ចុល ថាជាមនុស្សដែលលោកមិនទទួលស្វាគមន៍ទៀតឡើយ។
សម្រាប់ការបណ្តេញចេញ លោកឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ពុំទាន់មានព័ត៌មានលម្អិតណាមួយចេញមកបញ្ជាក់នៅឡើយនោះទេ ក៏ប៉ុន្តែឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ទំនងមានពេលត្រឹម៤៨ម៉ោង ដូចដែលម៉ាឡេស៊ីបានបណ្តេញមន្ត្រីទូតរបស់កូរ៉េខាងជើងដែរ ដើម្បីរៀបចំបង្វេចក្នុងការចាកចេញពីទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដែលទង្វើនេះអាចឆ្លុះបង្ហាញឲ្យឃើញថា ជាការសងសឹកទៅលើម៉ាឡេស៊ីវិញ៕