(គូឡាឡាំពួរ)៖ ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងដែលត្រូវបានបណ្តេញចេញពីប្រទេសម៉ាឡេស៊ី នៅក្នុងជម្លោះដ៏រកាំរកូសជុំវិញការស៊ើបអង្កេតទៅលើករណីឃាតកម្ម របស់បងប្រុសម្តាយទីទៃនៃមេដឹកនាំកំពូលកូរ៉េខាងជើងនោះ នៅថ្ងៃចន្ទនេះបានថ្លែងថាទង្វើរបស់រដ្ឋាភិបាលម៉ាឡេស៊ីបានធ្វើឲ្យប៉ះពាល់ដល់ចំណងទាក់ទងទ្វេភាគីនៃប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាល្ងាចថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។
ស្របពេលដែលរៀបចំខ្លួនដើម្បីធ្វើដំណើរចាកចេញពីប្រទេសអាស៊ានមួយនេះ នៅល្ងាចថ្ងៃចន្ទ ទី០៦ ខែមីនា ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងលោក កាង ចុល (Kang Chol) បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មាននៅឯអាកាសយានដ្ឋានអន្តរជាតិ នៃរដ្ឋធានីគូឡាឡាំពួរថា «ខ្ញុំមានក្តីព្រួយបាម្ភយ៉ាងជ្រាលជ្រៅចំពោះវិធានការកម្រិតធ្ងន់ៗបែបនេះ របស់រដ្ឋាភិបាលម៉ាឡេស៊ី ដែលកំពុងផ្តល់លទ្ធផលយ៉ាងអាក្រក់ទៅលើទំនាក់ទំនងយ៉ាងយូរអង្វែង នៃប្រទេសទាំងពីរ»។
គួរបញ្ជាក់ថាកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ ម៉ាឡេស៊ីបានទុកពេលវេលាឲ្យលោក កាង ចំនួន៤៨ម៉ោង ឬពីរថ្ងៃដើម្បីរៀបចំបង្វិចចាកចេញ បន្ទាប់ពីមិនធ្វើការសូមអភ័យទោសចំពោះពាក្យសម្តីរបស់លោកកាលពីមុននេះ ដែលថាកូរ៉េខាងជើងមិនអាចជឿទុកចិត្តលើការស៊ើបអង្កេតរបស់អាជ្ញាធរម៉ាឡេស៊ីបាននោះឡើយ ជុំវិញការស្លាប់របស់លោក គីម ជុងណាំ កាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ ហើយលោក កាង ចុង បានចោទប្រកាន់ម៉ាឡេស៊ីថាបានផ្សំគំនិតជាមួយកម្លាំងពីខាងក្រៅ ដើម្បីបង្ខូចភាពស្អាតស្អំរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងថែមទៀតផង៕