(គូឡាឡាំពួ)៖ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ (Najib Razak) បានស្ដីបន្ទោសកូរ៉េខាងជើងជាថ្មីម្ដងទៀតនៅថ្ងៃចន្ទនេះ ខណៈរដ្ឋាភិបាល របស់លោកកំពុងរៀបចំបណ្ដេញអគ្គរដ្ឋទូតកូរ៉េខាងជើង ចេញពីប្រទេស បន្ទាប់ពីបានរិះគន់លើការងារស៊ើបអង្កេតដោយអាជ្ញាធរម៉ាឡេស៊ីលើសំណុំរឿងឃាតកម្មលើលោក គីម ជុងណាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅល្ងាចថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។
ទីក្រុងព្យុងយ៉ាង និងគូឡាឡាំពួរចាប់ផ្ដើមសង្រ្គាមពាក្យសម្ដីដាក់គ្នាទៅវិញទៅមក នៅក្រោយពេលដែលអគ្គរដ្ឋទូតកូរ៉េខាងជើង លោក កាង ចុល បានរិះគន់ យ៉ាងខ្លំាងទៅការស៊ើបអង្កេតរបស់អាជ្ញាធរម៉ាឡេស៊ី ថាមិនអាចទុកចិត្តបាន និងគ្រាន់តែជាការផ្សំគំនិតគ្នាជាមួយកូរ៉េខាងត្បូង ដើម្បីបង្ខូចឈ្មោះខ្លួនតែប៉ុណ្ណោះ។ ជាងនេះទៅទៀត លោក កាង ចុល មិនបានធ្វើការសូមទោសឡើយជាហេតុធ្វើឱ្យលោក ណាជីប ចាត់ទុកថាអគ្គរដ្ឋទូតរូបនេះ បានប្រើប្រាស់របៀបការទូត «ឈ្លើយបំផុត» រហូតដល់រដ្ឋាភិបាលរបស់លោកកាលពីថ្ងៃសៅរ៍ បានសម្រេចចិត្តទុកពេល៤៨ម៉ោង ឱ្យលោកវេចបង្វិចចាកចេញពីម៉ាឡេស៊ី ដែលត្រូវម៉ោង៦៖០០ល្ងាចថ្ងៃចន្ទនេះ ។
លោក ណាជីប បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅសភាជាតិដូច្នេះថា «ពួកគេ (កូរ៉េខាងជើង) គួរតែសូមទោស។ ក៏ប៉ុន្តែពួកគេមិនធ្វើដូចនោះឡើយ ដូច្នេះផ្អែកលើគោលការណ៍ យើងបានចាត់ ទុករូបគាត់ (លោក កាង ចុល) ជាមនុស្សមិនគួរទទួលស្វាគមន៍ ហើយដែលនេះមានន័យថា យើងបានប្ដេជ្ញាចិត្តការពារកិត្តិយសរបស់យើង ...គ្មាននរណាម្នាក់អាចបំផ្លាញ ឬរំខានពួកយើង តាមតែពួកគេចង់បាននោះទេ»។
ដោយឡែកឆ្លើយតបទៅនឹងសំនួរដែលសួរថា តើម៉ាឡេស៊ីអាចនឹងហៅកោះហៅអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំទីក្រុងព្យុងយ៉ាងមកវិញឬទេ? លោក ណាជីប បញ្ជាក់ថា «យើងនឹងបានឃើញ។ យើងអាចនឹងធ្វើវានៅពេលណាមួយ»។ គួរបញ្ជាក់ថា ម៉ាឡេស៊ីនិងកូរ៉េខាងជើង បានភ្ជាប់ទំនាក់ទំនងការទូតនឹងគ្នាចាប់តាំងពីឆ្នាំ១៩៧០មកម្លេះ ហើយម៉ាឡេស៊ីបានបង្កើតស្ថានទូតនៅកូរ៉េខាងជើងនៅឆ្នាំ២០០៣៕