(បាកដាដ)៖ ស្របពេលដែលកងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់ ជួយគាំទ្រដោយសហរដ្ឋអាមេរិកកំពុងតែវាយលុកចូលកាន់តែជ្រៅទៅក្នុងតំបន់កាន់កាប់ដោយក្រុមសកម្មប្រយុទ្ធ ISIS នៅទីក្រុងម៉ូស៊ូល ប្រជាជនស៊ីវិលរាប់ពាន់នាក់ ដែលត្រូវបានបង្ខំឲ្យរត់ភៀសខ្លួនពីផ្ទះសម្បែងនៅចំពោះមុខអំពើហិង្សាកាន់តែសាហាវឃោឃៅឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ បានរៀបរាប់ប្រាប់អំពីទុកវេទនា និងទិដ្ឋភាពដ៏គួរឲ្យសោកសង្រេងនៃទីក្រុងកំណើតរបស់ពួកគេទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅឯជំរុំជនភៀសខ្លួនមួយកន្លែងដែលកំពុងប្រឈមនឹងបញ្ហាណែនតាន់តាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។
បណ្តាជនភៀសខ្លួននៃទីក្រុងម៉ូស៊ូលបាននិយាយប្រាប់ក្រុមអ្នកសារព័ត៌មាន RT ថា សមរភូមិប្រយុទ្ធដ៏ក្តៅគគុកដែលបាន និងកំពុងបន្តប្រព្រឹត្តទៅនៅក្នុងទីក្រុងម៉ូស៊ូល បង្ហាញអំពីភាពអមនុស្សធម៌នៃភាគីទាំងសងខាង ដោយខណៈក្រុម ISIS បានចាប់បង្ខំប្រជាជនស្លូតត្រង់យកមកធ្វើជាខែលការពារខ្លួន និងបានប្រើអំពើហិង្សាដ៏សាហាវផ្សេងៗទៀត ដើម្បីរារាំងជនស៊ីវិលមិនឲ្យរត់គេចចេញពីទីក្រុងនោះ កងទ័ពអ៊ីរ៉ាក់និងសម្ព័ន្ធមិត្តថែមទាំងមិនសូវជារវីរវល់ ក្នុងការជួយការរត់ភៀសខ្លួនរបស់ពួកគេឡើយ។
យោងតាមជនភៀសខ្លួនដែលបានចាកចេញពីទីក្រុងដ៏ធំទីពីរនៃប្រទេសអ៊ីរ៉ាក់បានឲ្យដឹងដូច្នេះថា «ក្រុម ISIS បានចាប់ផ្តើមបំបាក់ជើងមនុស្សមិនថាប្រុស មិនថាស្រីនោះឡើយ ដើម្បីបញ្ឈប់ពួកគេមិនឲ្យរត់ចេញពីទីក្រុង។ នៅពេលដែលពួកយើងបានរត់ភៀសខ្លួនពីក្រុងម៉ូស៊ូល មានស្រ្តីនិងក្មេងតូចម្នាក់នៅជាមួយពួកយើង តែជាអកុសល្យក្មេងនោះបានធ្លាក់ចូលទៅក្នុងទន្លេ នឹងត្រូវបានចរន្តទឹកហូរគួចយកទៅបាត់ ហើយគ្មាននរណាម្នាក់ឈប់នោះឡើយ ដោយមនុស្សគ្រប់គ្នាគិតតែពីរត់»។ យ៉ាងណាមិញអ្នកដែលបានរត់គេចខ្លួនរួច ឥឡូវនេះកំពុងតែមានការភ័យខ្លាចអំពីជោគវាសនារបស់សាច់ញាតិក៏ដូចជាមិត្តភក្តិរបស់ពួកគេ ដែលស្ថិតនៅក្នុងចំណោមប្រជាជនរាប់ម៉ឺននាក់ទៀតបន្តជាប់នៅក្នុងទីក្រុមម៉ូស៊ូល។
ជាមួយគ្នានេះជនភៀសខ្លួនម្នាក់ទៀតក៏បានរៀបរាប់ផងដែរថា «បើសិនជានរណាម្នាក់ព្យាយាមរត់គេចខ្លួន ក្រុម ISIS នឹងកាត់ក្បាលរបស់ពួកគេដោយឥតស្ទាក់ស្ទើរនោះឡើយ ហើយបើអ្នកសំណាងល្អអាចគេចខ្លួនចេញផុតវិញនោះ ពួកសកម្មប្រយុទ្ធទាំងនោះនឹងដុតបំផ្លាញលំនៅឋាននិងធ្វើបាបសាច់ញាតិរបស់អ្នក»។
ដោយឡែកជនស៊ីវិលក្នុងទីក្រុងម៉ូស៊ូលមិនត្រឹមតែកំពុងព្យាយាមរត់គេចខ្លួនពីក្រុម ISIS តែមួយមុខប៉ុណ្ណោះទេ។ យោងតាមប្រភពមួយចំនួន កងទ័ពរដ្ឋាភិបាលអ៊ីរ៉ាក់ និងកងកម្លាំងចម្រុះដឹកនាំដោយអាមេរិក បាននិងកំពុងធ្វើការវាយប្រហារតាមផ្លូវការ និងកាំភ្លើងធំនៅលើក្រុម ISIS ដោយមិនខ្វល់ពីវត្តមានរបស់ប្រជាជនស្លូតត្រង់នៅក្នុងតំបន់អ្វីបន្តិចនោះឡើយ។ ជនភៀសខ្លួនម្នាក់បានអះអាងថា «ការវាយប្រហារតាមផ្លូវអាកាសពុំបានធ្វើឡើងលើប្រជាជនស៊ីវិលតែឯងទេ ប៉ុន្តែនៅពេលដែលអ្នកប្រយុទ្ធ ISIS ស្ថិតនៅក្នុងចំណោម ឬក្បែរពួកយើង កងយន្តហោះចម្បាំង នឹងទម្លាក់គ្រាប់បែកដោយទាំងពួកយើងទៅជាមួយផងដែរ»។
គួរបញ្ជាក់ថាមនុស្សរាប់ពាន់នាក់បានបាត់បង់ជីវិតព្រមទាំងរងរបួស នៅក្នុងការប្រយុទ្ធគ្នានៅក្នុងទីក្រុងម៉ូស៊ូល គិតចាប់តាំងពីយោធាអ៊ីរ៉ាក់និងកងកម្លាំងចម្រុះគាំទ្រដោយសហរដ្ឋអាមេរិក បានចាប់ផ្តើមប្រតិបត្តិការទ្រង់ទ្រាយធំដើម្បីវាយរំដោះយកទីក្រុងនេះ ចេញពីកណ្តាប់ដៃរបស់ក្រុមភេរវករ ISIS កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦កន្លងទៅ ហើយមកទល់ពេលនេះកម្លាំងចម្រុះនេះបានវាយដណ្តើមយកតំបន់ភាគខាងកើតនៃទីក្រុងមកវិញហើយ និងកំពុងតែបន្តវាយលុកទៅភាគលិចដែលកំពុងបន្តស្ថិតក្រោមការគ្រប់គ្រងរបស់ ISIS នៅឡើយ៕