(កៀវ)៖ រាប់ចាប់ពីថ្ងៃចន្ទនេះតទៅរដ្ឋាភិបាលអ៊ុយក្រែន នឹងសាកល្បងបញ្ចុះបញ្ចូលឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទទួលស្គាល់ថា រុស្ស៊ីបានគាំទ្រដល់ក្រុមភេរវករនៅក្នុងជម្លោះ ជាមួយក្រុមឧទ្ទាមបំបែករដ្ឋគាំទ្រដោយទីក្រុងម៉ូស្គូ នៅឯភាគខាងកើតនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងពាក្យបណ្ដឹងរបស់ខ្លួនអ៊ុយក្រែនបានស្នើដល់ ICJ ចាត់វិធានការជំរុញឱ្យទីក្រុងម៉ូស្គូបញ្ឈប់ការគាំទ្រទំាងឡាយរួមមានទាំងហិរញ្ញវត្ថុ អាវុធ និងកងទ័ពដល់ក្រុមឧទ្ទាមបំបែករដ្ឋ ព្រមទាំងការជ្រៀតជ្រែត ឬពង្រីកឥទ្ធិពលនៅក្នុងតំបន់គ្រីមមៀ។ បន្ថែមពីលើនេះទីក្រុងកៀវ ក៏បានទាមទារផងដែរនូវ សំណងជួសជុលការខូចខាតពីរុស្ស៊ី សម្រាប់ការគាំទ្រជម្លោះអស់រយៈពេលជិត០៣ឆ្នាំមកនេះ។ ក៏ប៉ុន្តែរុស្ស៊ីបានច្រានចោលការចោទប្រកាន់ទាំងនេះ ដោយអះអាងថាទីក្រុងកៀវទៅវិញទេ ដែលបានរំខានដល់កិច្ចចរចាស្វែងរកដំណោះស្រាយសន្តិភាព។
គួររំលឹកថាទីក្រុងកៀវបានសម្រេចចិត្តដាក់ពាក្យប្ដឹងរុស្ស៊ី ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិកាលពីពាក់កណ្ដាលខែមករាកន្លងទៅ ជុំវិញជម្លោះនៅភាគខាងកើត ប្រទេសអ៊ុយក្រែនដែលបានផ្ដាច់យកជីវិតមនុស្សជាង ១០,០០០នាក់ហើយ គិតចាប់តាំងពីសង្រ្គាមនេះផ្ទុះឡើងកាលពីខែមេសា ឆ្នាំ២០១៤។ តែទោះបីជាយ៉ាងណា ក្រុមអ្នកជំនាញមួយចំនួនយល់ថាការតទល់គ្នាតាមផ្លូវតុលាការនេះ នឹងមិនអាចជួយអ្វីជាដុំកំភួនឡើយ ក្រៅតែពីធ្វើឱ្យជម្លោះកាន់តែតានតឹង ហើយម្យ៉ាងវិញទៀតប្រទេសហ្ស៊កហ្ស៊ី ក៏ធ្លាប់ដាក់ពាក្យបណ្ដឹងរបៀបនេះប្ដឹងរុស្ស៊ីផងដែរ ក៏ប៉ុន្តែនៅទីបំផុតតុលាការអន្តរជាតិមួយនេះ បានត្រឹមសន្និដ្ឋានកាលពីឆ្នាំ២០១១ថាខ្លួនគ្មានយុត្តាធិការទៅវិញ៕