(ប៉េកាំង)៖ រដ្ឋមន្រ្តីនៃក្រសួងហិរញ្ញវត្ថុចិនបានធ្វើការបញ្ជាក់ជាផ្លូវការច្បាស់លាស់នៅថ្ងៃចន្ទនេះថា ថវិកាជាតិសម្រាប់វិស័យការពារជាតិ នឹងត្រូវបង្កើនបន្ថែម០៧ភាគរយទៀតនៅក្នុងឆ្នាំនេះ លើសពីឆ្នាំ២០១៦ ដែលមានត្រឹមតែ១៤៦ពាន់លានដុល្លារសហរដ្ឋអាមេរិកប៉ុណ្ណោះ ខណៈអាមេរិកកាលពីឆ្នាំ២០១៦ដូចគ្នា មានរហូតទៅដល់៥៣៤ពាន់លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នារសៀលថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។
ទោះបីជាមានការបង្ហាញគំរោងបង្កើនថវិកាជាតិ ក្រោយកិច្ចប្រជុំសភាប្រចាំឆ្នាំកាលពីសប្តាហ៍មុននេះក្តី ក៏អ្នកវិភាគមួយចំនួនលើកឡើងថា វាជាការបង្កើនក្នុងចំនួនតិចជាងការរំពឹងទុក ដោយគេរំពឹងថាថវិកាជាតិលើវិស័យយោធានេះ នឹងអាចកើនឡើងខ្លាំងឲ្យសមស្របទៅនឹងអ្វីដែលចិនកំពុងតែប្រឈមមុខ និងបន្ថយគម្លាតនៃថវិកាជាតិលើវិស័យការពារជាតិ ជាមួយបណ្តាមហាអំណាផ្សេងៗទៀតជាពិសេសអាមេរិកតែម្តង។
គួរបញ្ជាក់ការបង្កើនថវិកាជាតិសម្រាប់វិស័យការពារជាតិរបស់ចិនខាងលើនេះ ត្រូវបានបង្ហើបឲ្យដឹងកាលពីចុងសប្តាហ៍មុននេះស្របពេលដែលមហាអំណាចអាមេរិកក៏ទើបនឹងបង្ហាញគំរោងនឹងបង្កើនដូចគ្នា។ ជុំវិញវិស័យយោធាការពារជាតិនេះ សហរដ្ឋអាមេរិកហាក់ដូចជាបាននិងកំពុងបង្ហាញឥទ្ធិពលខ្លាំងក្លាមកលើប្រទេសចិន តាមរយៈការប្រកាន់ជំហរប្រឆាំងចិនខ្លាំងជាងមុនលើបញ្ហាសមុទ្រចិនខាងត្បូង និងការបំពាក់បង្កូមឲ្យកូរ៉េខាងត្បូង និងជប៉ុនមានសមត្ថភាពទប់ទល់នឹងចិនកាន់តែខ្លាំងជាងមុនថែមទៀត៕