(ឡាហាវ៉ាន)៖ ប្រធានាធិបតីគុយបាលោក រ៉ាអ៊ូល កាស្ត្រូ (Raul Castro) បានររិះគន់យ៉ាងខ្លាំងចំពោះគោលនយោបាយអន្តោប្រវេសន៍ និងពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ខណៈលោក ត្រាំ ផ្ទាល់ធ្លាប់បានសន្យាថា នឹងពិនិតឡើងវិញនូវគោលនយោបាយអាមេរិក ចំពោះទីក្រុងឡាហាវ៉ាន ដែលបន្សល់ទុកដោយរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។
នៅក្នុងការរិះគន់ជាលើកដំបូងដោយផ្ទាល់លើលោក ត្រាំ ចាប់តាំងពីលោកឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក កាស្ត្រូ បានហៅគោលនយោបាយ ពាណិជ្ជកម្មរបស់លោក ត្រាំ ថា «មានភាពអាត្មានិយម» រីឯគំរោងសាងសង់ជញ្ជាំងព្រំដែនជាមួយម៉ិចស៊ីកូ «គឺជារឿងគ្មានហេតុផល»។ លោក កាស្ត្រូ លើកឡើងដូច្នេះថា « គោលនយោបាយថ្មីរបស់រដ្ឋាភិបាលអាមេរិក បានគំរាមកំហែងយ៉ាងខ្លាំងដល់សេរីភាពនៃការធ្វើពាណិជ្ជកម្ម និងមានភាពអាត្មានិយម ដែលនឹងជះឥទ្ធិពល អវិជ្ជមានដល់ការប្រកួតប្រជែងពាណិជ្ជកម្មក្រៅប្រទេសរបស់យើង ក៏ដូចជារំលោភលើកិច្ចព្រមព្រៀង (...) ម្យ៉ាងវិញទៀតអ្នក (លោក ត្រាំ) មិនអាចដោះស្រាយ ភាពក្រីក្រ គ្រោះមហន្តរាយ និងជនអន្តោប្រវេសន៍ ដោយការសង់ជញ្ជាំងព្រំដែននោះទេ ក៏ប៉ុន្តែតាមរយៈកិច្ចសហប្រតិបត្តិការ ការយោគយល់ និងសន្តិភាព»។
គួរបញ្ជាក់ថាការលើកឡើងរបស់លោក កាស្ត្រូ ធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលមួយនៃបណ្ដាមេដឹកនាំឆ្វេងនិយម ប្រព្រឹត្តទៅក្នុងប្រទេសវេណេស៊ុយអេឡា ចេញផ្សាយដោយទូរទស្សន៍រដ្ឋគុយបា កាលពីថ្ងៃអាទិត្យ។ សហរដ្ឋអាមេរិក និងគុយបា យល់ព្រមស្ដារទំនាក់ទំនងការទូតនឹងគ្នាឡើងវិញ កាលពីខែធ្នូ ឆ្នាំ២០១៤ ក្រោមរដ្ឋបាលរបស់លោក អូបាម៉ា៕