(ក្រុងឡុងដ៍)៖ ស្តេចប្រដាល់សកលទម្ងន់ធ្ងន់ពិភពលោក David Haye ត្រូវបានគូប្រជែង Tony Bellew វ៉ៃឲ្យបោះបង់ ការប្រកួតនៅចុងទឹកទី១១ គ្រាដែលនៅសល់១ទឹកទើបចប់ការប្រកួតកាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុននៅលើសង្វៀន 02 Arena ស្ថិតក្នុងទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស។
ក្នុងជំនួបជាលក្ខណៈមិត្តភាពអន្តរជាតិរវាងខ្លាកំណាចទាំងពីរជាលើកទី១នេះ កីឡាករសញ្ជាតិអង់គ្លេស វ័យ៣៦ឆ្នាំ បានដួលគ្រេចសរសៃពួរជើងខាងស្តាំ ដែលធ្វើឲ្យអាជ្ញាកណ្តាលសម្រេចបញ្ឈប់ការប្រកួតតែម្តងនៅចុងទឹកទី១១ ក្នុងការប្រកួតចំនួន១២ទឹក ដោយសារតែ Haye មានរបួសយ៉ាងដំណំនោះ នេះបើយោងតាមសារព័ត៌មាន Dailymail ចេញផ្សាយព្រឹកថ្ងៃច័ន្ទ ទី៦ ខែមីនា ឆ្នាំ២០១៧ នេះ។
នេះជាការបរាជ័យលើកទី៣ របស់ Haye ពីប្រវត្តិឡើងវាយសរុបបាន៣១ដង ឈ្នះ២៨ដង មិនដែលស្មើ និងផ្តួលដៃគូ ឲ្យសន្លប់នៅលើសង្វៀនបាន២៦ដង ជាអតីតម្ចាស់ខ្សែក្រវាត់ជើងឯកពិភពលោក ឆ្នាំ២០០១ ខណៈគូប្រជែង Tony Bellew ធ្លាប់ប្រកួតបាន ៣២ដង ឈ្នះ២៩ដង ចាញ់២ដង និងស្មើ១ដង ដោយធ្លាប់ផ្តួលដៃគូឲ្យសន្លប់បាន១៩ ជាជន ជាតិអង់គ្លេសដូចគ្នា មិនធ្លាប់ឈ្នះខ្សែក្រវាត់ពិភពលោកឡើយ៕