(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានធ្វើការថ្កោលទោសចំពោះការបាញ់សាកល្បងមីស៊ីលចំនួនបួនគ្រាប់របស់កូរ៉េខាងជើង និងបានប្តេជ្ញាថាទីក្រុងវ៉ាស៊ីនតោនបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីទប់ទល់ឲ្យអស់ពីសមត្ថភាព ប្រឆាំងនឹងការគំរាមកំហែងដែលកំពុងតែកើនឡើងយ៉ាងខ្លាំងក្លានេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រសួងការបរទេសនៃរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនលោក Mark Toner បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សហរដ្ឋអាមេរិកធ្វើការថ្កោលទោសធ្ងន់ៗចំពោះការបាញ់ធ្វើតេស្តមីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដែលបានរំលោភបំពានលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ដែលដាក់បំរាមហាមឃាត់យ៉ាងជាក់លាក់ទៅលើការធ្វើតេស្តសព្វាវុធរបស់ទីក្រុងព្យុងយ៉ាងដោយប្រើប្រាស់បច្ចេកវិទ្យាមីស៊ីលផ្លោង»។
លោក Toner បានបន្ថែមថា «យើងបានត្រៀមលក្ខណៈរួចជាស្រេចហើយនឹងបន្តប្រើប្រាស់វិធានការផ្សេងៗទៀតសំដៅបង្កើនសមត្ថភាពប្រុងជើងការ ដើម្បីការពារប្រជាជាតិក៏ដូចជាសម្ព័ន្ធមិត្តទាំងឡាយរបស់យើងពីការវាយប្រហារនានា។ ម៉្យាងវិញទៀតយើងក៏បានប្រុងប្រៀបប្រើប្រាស់គ្រប់សមត្ថភាពដែលយើងមាន ដើម្បីប្រឆាំងនឹងការគំរាមកំហែងដែលកំពុងតែរីករាលដាលកាន់តែខ្លាំងឡើងនេះផងដែរ»។
គួរបញ្ជាក់ថានៅព្រឹកថ្ងៃចន្ទនេះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងក្រោមបញ្ជារបស់ប្រមុខដឹកនាំកំពូលផុតលេខនៃប្រទេសកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបាញ់សាកល្បងមីស៊ីលផ្លោងចំនួនដល់ទៅបួនគ្រាប់ ដែលជាបង្ករឿងថ្មីចុងក្រោយបំផុតប្រឆាំងសហរដ្ឋអាមេរិកដែលកំពុងស្ថិតក្រោមការដឹកនាំរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដោយមីស៊ីលបីគ្រាប់ក្នុងចំណោមនោះបានធ្លាក់នៅក្បែរសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់ទីក្រុងវ៉ាស៊ីនតោនគឺប្រទេសជប៉ុន៕