(សេអ៊ូល)៖ អតីតមន្ត្រីទូតម៉ាឡេស៊ីមួយរូបបានអះអាងថា ប្រទេសរបស់លោកគួរតែបិទស្ថានទូតរបស់ខ្លួនប្រចាំនៅទីក្រុងព្យុងយ៉ាងចោលតែម្តងទៅ ដើម្បីជាការឆ្លើយតបទៅនឹងការពាក់ព័ន្ធរបស់កូរ៉េខាងជើងទៅលើឃាតកម្មលើលោក គីម ជុងណាំ បងប្រុសរបស់មេដឹកនាំកំពូលលោក គីម ជុងអ៊ុន ដែលបានប្រព្រឹត្តនៅក្នុងទីក្រុងគូឡាឡាំពួរ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។
លោក Dennis Ignatius អតីតមន្ត្រីទូតម៉ាឡេស៊ីបានថ្លែងប្រាប់សារព័ត៌មានអាមេរិកយ៉ាងដូច្នេះថា «បេសកកម្មការទូតរបស់ម៉ាឡេស៊ីនៅទីក្រុងព្យុងយ៉ាង វាស្ទើរតែគ្មានប្រយោជន៍អ្វីនោះឡើយ ដូច្នេះគួរតែបិទចោលទៅ ដើម្បីបញ្ជាក់ជាសារច្បាស់ៗទៅកាន់កូរ៉េខាងជើងថា សកម្មភាពដែលខ្លួនបានធ្វើកន្លងមកនោះពិតជាមិនអាចទទួលយកបាននោះទេ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរត្រូវបានបំផ្លាញដល់ចំណុចមួយដែលបានមិនអាចស្តារឡើងវិញទៅហើយ»។ ម៉ាឡេស៊ីបានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការជាមួយទីក្រុងព្យុងយ៉ាង កាលពីឆ្នាំ១៩៧៣ ហើយបង្កើតស្ថានទូតនៅទីនោះកាលពីឆ្នាំ២០០៣។
ទោះបីជាបែបនេះក្តី ទំនាក់ទំនងប្រទេសទាំងពីរបានប្រែជាប្រេះស្រាំខ្លាំងបំផុតជុំវិញឃាតកម្មលើលោក គីម ជុងណាំ កាលពីថ្ងៃទី១៣ ខែកុម្ភៈ និងការចោទប្រកាន់ថា កូរ៉េខាងជើងលួចរកស៊ីជួញដូរអាវុធក្នុងប្រទេសម៉ាឡេស៊ី។ សង្គ្រាមការទូតរវាងម៉ាឡេស៊ី និងកូរ៉េខាងជើង ជុំវិញការជាប់ពាក់ព័ន្ធរបស់ទីក្រុងព្យុងយ៉ាងដែលត្រូវបានគេចោទថា ជាអ្នកនៅពីក្រោយអំពើឃាតកម្មនោះ បានបង្កឲ្យរដ្ឋាភិបាលម៉ាឡេស៊ីឈឺក្បាលយ៉ាងខ្លាំង និងបានបណ្តេញមន្ត្រីទូតកូរ៉េខាងជើងចេញពីប្រទេសទៀតផង៕