(មូស៊ូល)៖ អង្គការអន្តរជាតិសម្រាប់ជនភៀសខ្លួន (IOM) បានឱ្យដឹងថា ចំនួនជនភៀសខ្លួនកំពុងរត់គេចចេញពីទីក្រុងម៉ូសុលលចេះតែបន្តកើនឡើងជាបន្តបន្ទាប់ ខណៈកងកម្លំាងរដ្ឋាភិបាលអ៊ីរ៉ាក់ កំពុងមានប្រៀបក្នុងសង្រ្គាមប្រយុទ្ធប្រឆាំងជាមួយក្រុម ISIS រីឯជនភៀសខ្លួនច្រើនជាង ២០០,០០០នាក់ ហើយបានរត់គេចចេញពីទីក្រុងមួយនេះ គិតចាប់តាំងពីខែតុលា ឆ្នាំ២០១៦មក ដែលនេះអាចនឹងក្លាយជាវិបត្តិមនុស្សជាតិដ៏ធំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយ Russian Today អ្នកនាំពាក្យអង្គការ IOM បានលើកឡើងដូច្នេះថា «មនុស្សប្រមាណ ៤៥,០០០នាក់បានរត់គេចចេញពីផ្ទះសម្បែងរបស់ពួកគេនារយៈពេល០៩ថ្ងៃចុងក្រោយនេះ ហើយចំនួននេះអាចនឹងបន្តកើនឡើងគួរឱ្យព្រួយបារម្ភ ស្របពេលបណ្ដាអង្គការអន្តរជាតិជាច្រើន បាន និងកំពុងដុតដៃដុតជើងក្នុងការងារពង្រីកជំរុំជនភៀសខ្លួនដែលមានស្រាប់ ព្រមទាំងសាងសង់ជំរុំថ្មីបន្ថែម»។ ដោយឡែកជុំវិញបញ្ហានេះដែរ អង្គការសហប្រជាជាតិកាលពីចុងខែកុម្ភៈកន្លងទៅ ក៏ធ្លាប់បានវាយតម្លៃផងដែរថា ជនភៀសខ្លួនប្រមាណ ២៥០,០០០នាក់ អាចនឹងរត់ភៀសខ្លួនចេញពីទីក្រុងម៉ូស៊ុលនៅក្នុង រយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។
គួរបញ្ជាក់ថានៅក្នុងចំណោមជនភៀសខ្លួន ដែលកំពុងរត់គេចចេញពីសង្គ្រាម ភាគច្រើនគឺជាកុមារនិងស្ត្រី ដែលជាជនងាយរងគ្រោះខ្លាំង។ បច្ចុប្បន្នកងទ័ពអ៊ីរ៉ាក់ហាក់កំពុងមានប្រៀបខ្លាំង ទៅលើក្រុម ISIS ខណៈទីតាំងសំខាន់ៗជាច្រើនត្រូវបានដណ្តើមរួចទៅហើយ ពីតំបន់ជុំវិញចំណុចស្នូលរបស់ម៉ូស៊ុល៕