(សេអ៊ូល)៖ ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូងលោក Hwang Kyo-ahn បានថ្លែងនៅថ្ងៃចន្ទនេះថា ទីក្រុងសេអ៊ូល គួរតែបង្កើនល្បឿននៃគំរោងដាក់ពង្រាយប្រព័ន្ធការពារគ្រាប់មីស៊ីលកម្រិតខ្ពស់ THAAD ដែលជាបច្ចេកវិទ្យារបស់អាមេរិក ឲ្យបានឆាប់បំផុតស្ថិតនៅចំពោះមុខការបាញ់សាកល្បងគ្រាប់មីស៊ីលចំនួន ០៤គ្រាប់ របស់កូរ៉េខាងជើងនៅព្រឹកថ្ងៃចន្ទនេះ ដែលទីក្រុងសេអ៊ូលក៏បានប្រកាសថ្កោលទោសក្នុងកម្រិតធ្ងន់បំផុតផងដែរ។ នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។
លោក Hwang បានលើកឡើងក្នុងកិច្ចពិភាក្សានៃក្រុមប្រឹក្សាសន្តិសុខជាតិជាបន្ទាន់យ៉ាងដូច្នេះថា «យើងគួរតែធ្វើការដាក់ពង្រាយ THAAD ឲ្យបានលឿនបំផុត ដើម្បីបង្កើតប្រព័ន្ធការពារដ៏ប្រសើរមួយទប់ទល់នឹងការបាញ់មីស៊ីល-នុយក្លេអ៊ែររបស់កូរ៉េខាងជើង»។ ក្រសួងការបរទេសកូរ៉េខាងត្បូងបានថ្កោលយ៉ាងខ្លំាងចំពោះបាញ់សាកល្បងមីស៊ីលផ្លោងពីសំណាក់កូរ៉េខាងជើង នៅព្រឹកថ្ងៃចន្ទនេះ ដោយបានហៅទង្វើបង្ករឿងនេះថា ជាការរំលោភយ៉ាងច្បាស់ក្រឡែតលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរ ដល់ឧបទ្វីបកូរ៉េ និងពិភពលោកទំាងមូល។
យោងតាមរដ្ឋាភិបាលជប៉ុនទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីល០៤គ្រាប់ នៅម៉ោង៧៖៣៦នាទីព្រឹកចេញពីតំបន់ Tongchang-ri នៃខេត្ត Pyongan ខាងជើង ឆ្ពោះទៅកាន់តំបន់សមុទ្រជប៉ុន ឬសមុទ្រខាងកើត ដោយគ្រាប់មីស៊ីលទំាងអស់នេះអាចហោះបានចំងាយប្រមាណ១,០០០គីឡូម៉ែត្រ។ ជាមួយគ្នានោះដែរនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការបរទេសកូរ៉េខាងត្បូងបានគូសបញ្ជាក់ថា «ការបាញ់សាកល្បងមីស៊ីលនេះ បានបង្ហាញយ៉ាងច្បាស់ពីការរំលោភបំពាន ម្ដងហើយម្ដងទៀតលើសេចក្ដីសម្រេចនៃអង្គការសហប្រជាជាតិ ដោយទីក្រុងព្យុងយ៉ាង និងជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ មិនត្រឹមតែឧបទ្វីបកូរ៉េតែមួយនោះទេ ក៏ប៉ុន្តែសម្រាប់ពិភពលោកទំាងមូលតែម្ដង។ ដូច្នេះយើងថ្កោលទោសយ៉ាងខ្លំាងចំពោះទង្វើបង្ករឿងបែបនេះ ដែលជាផ្លូវឆ្ពោះមួយទៅរកការបំផ្លាញខ្លួនឯងរបស់កូរ៉េខាងជើងតែប៉ុណ្ណោះ ហើយយើងនឹងធ្វើឱ្យប្រទេសកុម្មុយនីស្ដឯកោមួយនេះ តបស្នងមកវិញនូវតម្លៃយ៉ាងសាកសម»។
គួរបញ្ជាក់ថាទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនកំពុងវិភាគលើប្រភេទគ្រាប់មីស៊ីលទាំង០៤ របស់ទីក្រុងព្យុងយ៉ាង ខណៈជំហានបឋមយោធាកូរ៉េខាងត្បូងសន្និដា្ឋនថា មីស៊ីលទំាងនេះទំនងជាមិនមែនមីស៊ីលផ្លោងអន្តរទ្វីប ICBM នោះឡើយ៕