(សេអ៊ូល)៖ ប្រទេសកូរ៉េខាងជើងបានបញ្ជាក់យ៉ាងមុតមាំសាជាថ្មីថា រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងនឹងបន្តបង្កើនអានុភាពនៃអាវុធនុយក្លេអ៊ែររបស់ខ្លួនឥតឈប់ឈរបន្ថែមទៀត បន្ទាប់ពីនៅវេលាព្រឹកថ្ងៃចន្ទនេះប្រទេសកុម្មុយនិស្តមួយនេះ បានបាញ់សាកល្បងគ្រាប់មីស៊ីលចំនួនបួនគ្រាប់ទៅកាន់សមុទ្រជប៉ុន ដើម្បីបង្ហាញការមិនពេញចិត្តចំពោះសមយុទ្ធយោធាប្រចាំឆ្នាំទ្រង់ទ្រាយធំ រវាងកូរ៉េខាងត្បូងនិងអាមេរិកដែលបាននិងកំពុងប្រព្រឹត្តទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។
សារព័ត៌មានរដ្ឋកូរ៉េខាងជើងមានឈ្មោះថា Rodong Sinmun បានគូសបញ្ជាក់ធ្ងន់ៗនៅក្នុងការធ្វើអត្ថាធិប្បាយមួយដែលមានចំណងជើងថា សន្តិភាពគួរតែត្រូវការពារដោយកម្លាំងរបស់យើងផ្ទាល់ យ៉ាងដូច្នេះថា «វាគឺជាឆន្ទៈនិងគោលជំហរមិនប្រែប្រួលក្នុងការសាកល្បងគ្រប់មធ្យោបាយតាមតែអាចធ្វើបាន ដើម្បីពង្រឹងកម្លាំងយោធាការពារខ្លួនដោយអាស្រ័យលើអាវុធនុយក្លេអ៊ែរ លុះត្រាតែសហរដ្ឋអាមេរិកសម្រេចបោះបង់ចោលនយោបាយឈ្លានពានប្រឆាំងនឹងកូរ៉េខាងជើង»។
សារព័ត៌មានដដែលបានបន្តទៀតថា «យើងនឹងខិតខំបន្តធ្វើឲ្យសមត្ថភាពការពារជាតិរបស់យើងកាន់តែរឹងមាំថែមទៀត តាមរយៈការអភិវឌ្ឍឥតស្រាកស្រាន្តនូវមធ្យោបាយចាំបាច់ ដែលសាកសមនឹងឋានៈរបស់យើងជាមហាអំណាចនុយក្លេអ៊ែរ និងយោធាមួយនៅតំបន់អាស៊ីខាងកើត ហើយកូរ៉េខាងជើងបានប្តេជ្ញាថានឹងធ្វើអ្វីគ្រប់បែបយ៉ាងដែលចាំបាច់ និងមិនរាថយដោយសារការដាក់សម្ពាធឬមួយក៏ទណ្ឌកម្មរបស់បរទេសណាមួយឡើយ»។
គួរបញ្ជាក់ថាកាលពីថ្ងៃសុក្រសប្តាហ៍មុន សារព័ត៌មានខាងលើនេះបានគំរាមម្តងរួមមកហើយថា អាវុធយុទ្ធសាស្រ្តថ្មីៗជាច្រើនប្រភេទ នឹងត្រូវប្រើប្រាស់ប្រសិនបើសេអ៊ូល និងទីក្រុងវ៉ាស៊ីតោននៅតែបន្តធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ពួកគេ ដោយកូរ៉េខាងជើងបានអះអាងថាប្រទេសទាំងពីរនេះ កំពុងត្រៀមលក្ខណៈសម្រាប់ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរប្រឆាំងនឹងទីក្រុងព្យុងយ៉ាង៕