(ឡុងដ៏)៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេសលោក តូនី ប្លែរ (Tony Blair) បានចូលរួមនៅក្នុងកិច្ចប្រជុំសម្ងាត់មួយនៅឯសេតវិមាន ដើម្បីពិភាក្សាស្ដីពីតួនាទីជា ទីប្រឹក្សាពិសេសសម្រាប់កិច្ចការមជ្ឈិមបូព៌ារបស់លោក ដូណាល់ ត្រាំ។ នេះបើតាមសារព័ត៌មានអង់គ្លេស The Mail on Sunday ដកស្រង់ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។
យោងតាម The Mail on Sunday លោក តូនី ប្លែរ បានជួបពិភាក្សាការងារជាមួយកូនប្រសារប្រុសរបស់លោក ត្រាំ និងមន្ត្រីទីប្រឹក្សាជាន់ខ្ពស់ លោក ហ្សារេត ឃូស្ន័រ (Jared Kushner) កាលពីថ្ងៃពុធ ហើយជំនួបសម្ងាត់រវាងលោក និងលោក ឃូស្ន័រ ត្រូវបានធ្វើឡើងយ៉ាងតិចបីដង គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៦មក។ ទោះបីជាយ៉ាងនេះក្ដី អ្នកនាំពាក្យលោក តូនី ប្លែរ បានបដិសេធដោយមិនទទួលស្គាល់ព័ត៌មាននេះ ហើយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា «ខ្ញុំនឹងមិនធ្វើការអត្ថាធិប្បាយពាក់ព័ន្ធនឹងកិច្ចសន្ទនាឯកជននេះឡើយ»។
គួរបញ្ជាក់ថា លោក តូនី ប្លែរ ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីអង់គ្លេសរយៈពេល១០ឆ្នាំ ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០០៧។ ក៏ប៉ុន្តែក្រោមការដឹកនាំរបស់លោក អង់គ្លេសមិនសូវជាមានឈ្មោះល្អឡើយ បន្ទាប់ពីលោកបានសម្រេចចិត្តចូលរួមក្នុងសង្រ្គាមឈ្លានពានអ៊ីរ៉ាក់ កាលពីឆ្នាំ២០០៣ ជាមួយសហរដ្ឋអាមេរិក ដែលជាគំនិតផ្តួចផ្តើមរបស់ លោក ចច ដាប់ប៊ែលយូប៊ូស (George W. Bush)៕