(សេអ៊ូល)៖ កូរ៉េខាងជើង​បានបាញ់​សាកល្បង​មីស៊ីលផ្លោង​ចំនួន០៤គ្រាប់ នៅព្រឹក​ថ្ងៃចន្ទនេះ ហើយក្នុង​ចំណោមមីស៊ីល​ទំាងនេះមាន ០៣គ្រាប់​បានធ្លាក់ចូល​ក្នុងតំបន់ដែនទឹកសេដ្ឋកិច្ច​ផ្ដាច់មុខ​របស់ជប៉ុន នៅឯសមុទ្រ​ខាងកើត។ នេះបើតាម​​នាយករដ្ឋមន្ត្រី​​ជប៉ុន​លោក ស៊ីនហ្សូ អាបេ ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia​ នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។

ការបាញ់សាកល្បង​មីស៊ីល​របស់​កូរ៉េខាងជើង ទំនងជា​ធ្វើឡើងនៅ​ក្នុងគោលបំណង​សម្ដែង​ការជំទាស់​ទៅនឹង​ ការធ្វើសមយុទ្ធ​ទ្រង់ទ្រាយធំ​រវាង​សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ដោយឡែក​ជុំវិញបញ្ហា​នេះដែរ យោធា​កូរ៉េខាងត្បូង ក៏បានឱ្យដឹងដែរថា​ទីក្រុងព្យុងយ៉ាង​បានបាញ់មីស៊ីល​ជាច្រើនគ្រាប់​នៅម៉ោង ៧៖៣៦នាទីព្រឹក​ចេញពី​តំបន់ Tongchang-ri នៃខេត្ត Pyongan ខាងជើង​ឆ្ពោះទៅកាន់​តំបន់សមុទ្រ​ជប៉ុន ឬសមុទ្រ​ខាងកើត ដោយគ្រាប់​មីស៊ីលទំាងអស់​នេះអាចហោះ​បាន​ចំងាយប្រមាណ​១,០០០គីឡូម៉ែត្រឯណោះ។

គួរបញ្ជាក់ថា​​នាយរដ្ឋមន្ត្រីជប៉ុនបានថ្កោលទោស​យ៉ាងខ្លំាង ចំពោះ​ការបាញ់សាកល្បង​មីស៊ីលពីសំណាក់​ទីក្រុងព្យុងយ៉ាង និងបានចាត់ទុក​ថា​វាគឺការគំរាមកំហែង ដ៏ធ្ងន់ធ្ងរ​ដល់សន្តិភាព និងស្ថេរភាព​នៅក្នុងតំបន់ ខណៈទីក្រុង​សេអ៊ូល និងវ៉ាស៊ីនតោន​កំពុងវិភាគលើ​ប្រភេទ​គ្រាប់មីស៊ីល ក៏ដូចជាភាព​ជោគជ័យរបស់​កូរ៉េខាង​ជើង៕