(បាងកក)៖ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ និងម្ចាស់ក្សត្រីយ៍ មីឈីកុ បានយាងមកដល់ប្រទេសថៃហើយ បន្ទាប់ពីបានបញ្ចប់ដំណើរទស្សនកិច្ចមិនធ្លាប់មាននៅប្រទេសវៀតណាម ហើយនៅទីក្រុងបាងកកនេះ ព្រះអង្គទាំងទ្វេត្រូវបានទទួលព្រះរាជដំណើរដោយក្រុមមន្ត្រីរាជវាំងថៃ និងបានជួបពិភាក្សាជាលើកដំបូងផងដែរជាមួយក្សត្រអង្គថ្មីនៃប្រទេសអាស៊ានមួយនេះ។ នេះបើតាមការដកស្រង់ព័ត៌មានពី Channel News Asia នាព្រឹកថ្ងៃចន្ទ ទី០៦ ខែមីនា ឆ្នាំ២០១៧។
ក្រោយព្រះរាជពិធីជំនួបសំណេះសំណាលនៃអង្គព្រះមហាក្សត្ររបស់ជប៉ុន និងថៃដែលជាប្រទេសជិតស្និទ្ធនឹងគ្នាផងដែរនោះ បន្ទាប់មកទៀតព្រះចៅអធិរាជជប៉ុន និងព្រះអគ្គមេហេសីបានយាងទៅធ្វើការគោរពវិញ្ញាណក្ខន្ធព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត ដែលបានសោយទិវង្គតកាលពីខែតុលា ឆ្នាំ២០១៦ នៅក្នុងមន្ទីរពេទ្យនៃទីក្រុងបាងកក ហើយក្រោយមកនៅខែធ្នូ ព្រះរាជបុត្រា មហា វិច្ចិរ៉ាឡុងកន បានឡើងគ្រងរាជ្យបន្ត។
គួរបញ្ជាក់ថាព្រះចៅ អាគីហ៊ីតុ និងព្រះបាទ ភូមិបុល ត្រូវបានសាធារណជនដឹងច្បាស់ថាជាមិត្តនឹងគ្នាដ៏ល្អកាលទ្រង់នៅមានព្រះជន ហើយនៅថ្ងៃខួបគំរប់ឡើងគ្រងរាជ្យកាលពីឆ្នាំ២០០៦ ព្រះចៅអធិរាជ និងម្ចាស់ក្សត្រីយ៍ក៏បានយាងមកសម្តែងការអបអរសាទរដល់ប្រទេសថៃ ដូចក្សត្រអង្គដទៃៗទៀតដែរនៅលើសកលលោកក្នុងនោះរួមទាំងព្រះមហាក្សត្រកម្ពុជា។ ដោយឡែកព្រះបាទ មហា វិច្ចិរ៉ាឡុងកន ដែលភាគច្រើនបានចំណាយពេលនៅបរទេសនោះ ធ្លាប់បានប្រកាសថានឹងធ្វើឲ្យកិត្តិនាមរបស់ព្រះអង្គល្បីរន្ទឺមិនខុសពីព្រះបិតានោះឡើយ៕