(វ៉ាស៊ីនតោន)៖ នាយក FBI ​លោក ជែម ខូមី (James Comey) បានច្រានចោលការអះអាងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានចោទ ប្រកាន់ថា អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានបញ្ជាឱ្យក្រុមមន្ត្រីសេតវិមាន​លួចស្ដាប់កិច្ចសន្ទនា តាមទូរសព្ទរបស់លោក។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ​ ទី០៦ ខែមីនា ឆ្នាំ២០១៧។

ជាមួយគ្នានោះដែរ លោក ខូមី ក៏បានអំពាវនាវឱ្យក្រសួងយុត្តិធម៌អាមេរិក ទាត់ចោលការចោទប្រកាន់ពីសំណាក់លោក ត្រាំ លើលោកអូបាម៉ា ទាក់ទិននឹងការលួច ស្ដាប់អតីតមហាសេដ្ឋីអចលនទ្រព្យរូបនេះ និយាយទូរស័ព្ទ នៅឯទីស្នាក់ការអាគារ Trump Tower កាលពីនៅអំឡុង យុទ្ធការឃោសនាបោះឆ្នោតកាលពីឆ្នាំ២០១៦ ពោលគឺមួយ ខែប៉ុណ្ណោះមុននឹងការបោះឆ្នោតឈានចូលមកដល់។

គួរបញ្ជាក់ថា ក្រសួងយុត្តិធម៌អាមេរិក មិនទាន់ចេញសេចក្ដីថ្លែងការណ៍ណាមួយណាឡើយទេ ខណៈលោកត្រាំខ្លួនឯងក៏ពុំទាន់បាន​បង្ហាញភស្ដុតាងអ្វីដែរ បន្ទាប់ ពីអតីតអ្នកនាំពាក្យលោក អូបាម៉ា ចាត់ទុកថាការលើកឡើងរបស់លោក ដូណាល់ ត្រាំ គឺជារឿងមិនពិត៕