លោក អូបាម៉ា បដិសេធការបញ្ជាឱ្យគេលួចស្ដាប់លោក ត្រាំ និយាយទូរស័ព្ទ
05-03-2017 20:09
(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានច្រានចោលការចោទប្រកាន់ ពីលោក ដូណាល់ ត្រាំ ដែលថារូបលោកបាន បញ្ជាឱ្យគេលួចស្ដាប់កិច្ចសន្ទនាតាមទូរស័ព្ទរបស់អតីតមហាសេដ្ឋីអចលនទ្រព្យរូបនេះ នៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីឆ្នំា២០១៦។ នេះបើតាមអ្នកនាំពាក្យលោក អូបាម៉ា ដកស្រង់ដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០១៧។
ប្រតិកម្មរបស់លោក អូបាម៉ា ធ្វើឡើងបន្ទាប់ពីលោក ត្រាំ បានសរសេរនៅលើ Twitter ថាលោកអូបាម៉ា បានបញ្ជាឱ្យគេលួចស្ដាប់កិច្ចសន្ទនាតាម ទូរសព្ទរបស់លោក នៅឯអាគារ Trump Tower ដោយបានប្រៀបធៀបសកម្មភាពនេះ ទៅនឹងរឿងអាស្រូវ McCarthyism និង Watergate ទៀត ផង។ ក៏ប៉ុន្តែ លោក ត្រាំ មិនបានបង្ហាញភស្ដុតាងណាមួយមកបញ្ជាក់នោះទេ។ ដោយឡែក ជុំវិញការចោទប្រកាន់នេះដែរ អ្នកនាំពាក្យលោក អូបាម៉ា គឺលោក ខេវិន ល្វីស (Kevin Lewis) បាននិយាយថា «ផ្អែកលើច្បាប់នៃរដ្ឋបាលលោក អូបាម៉ា គ្មានមន្ត្រីសេតវិមានណាម្នាក់អាចលូកដៃចូលក្នុង កិច្ចការស៊ើបអង្កេតដោយឯករាជ្យរបស់ក្រសួងយុត្តិធម៌នោះទេ ហើយជាផ្នែកមួយនៃការអនុវត្តន៍នេះ លោក ប្រធានាធិបតីអូបាម៉ានិង មន្ត្រីសេតវិមាន មិនដែលបានបញ្ជាឱ្យគេតាមឃ្លំាមើលឬក៏លួចស្ដាប់ ពលរដ្ឋអាមេរិកណាម្នាក់នោះទេ។ ដូច្នេះការចោទប្រកាន់ទំាងអម្បាលន្មានគឺជារឿងមិនពិត»។
គួរបញ្ជាក់ថា លោក ខេវិន ល្វីស ក៏បានរិះគន់លោក ដូណាល់ ត្រាំផងដែរ សម្រាប់ការចោទប្រកាន់គ្មានមូលដ្ឋាន ហើយថាលោកត្រាំ មិនបានប្រឹក្សា យោបល់ឡើយជាមួយនឹងមន្ត្រីរដ្ឋាភិបាល មុនធ្វើការចោទប្រកាន់លោក អូបាម៉ា៕