(គូឡាឡាំពួរ)៖ បុរស០៧នាក់ ត្រូវបានចាប់ខ្លួនកាលពីខែកុម្ភៈកន្លងទៅ ក្រោមបទសង្ស័យថា មានជាប់ពាក់ព័ន្ធ នឹងសកម្មភាពភេរវកម្ម តាមការបង្គាប់បញ្ជា ពីខ្សែបណ្ដាញក្រុម ISIS នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមប៉ូលិស ជាតិម៉ាឡេស៊ី ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០១៧។
ជុំវិញការចាប់ខ្លួននេះដែរ ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍មួយ មេបញ្ជាការប៉ូលិស លោក Khalid Abu Bakar បានឱ្យដឹងថាជនសង្ស័យ០២នាក់ ក្នុងចំណោម ០៧នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២១ ខែកុម្ភៈ ដោយសង្ស័យថា មានទំនាក់ទំនងជាមួយនឹងបណ្ដាញក្រុម ISIS ហើយពួកគេទំាងពីរនាក់គឺជាពលរដ្ឋ ម៉ាឡេស៊ី ម្នាក់មានអាយុ៤១ឆ្នាំ និងម្នាក់ទៀតអាយុ២៨ឆ្នាំ ព្រមទាំងបម្រើការងារជាអ្នកបច្ចេកទេស នៅក្នុងរោងចក្រមួយកន្លែង ជាទីដែលពួកគេត្រូវ បានឃាត់ខ្លួន នៅក្នុងតំបន់កេពុង (Kepong) នៃទីក្រុងគូឡាឡាំពួ។ ម្យ៉ាងវិញទៀត បើតាមក្រុមអ្នកស៊ើបអង្កេត ពួកគេបានទទួលបញ្ជាដោយផ្ទាល់ពីបុរសម្នាក់ឈ្មោះ Mohamad Wanndy Mohamad Jedi ឱ្យប្រព្រឹត្តសកម្មភាពវាយប្រហារបំផ្ទុះគ្រាប់បែកនៅក្នុងប្រទេសម៉ាឡេស៊ី មុននឹងធ្វើដំណើរទៅចូលជាមួយក្រុម ISIS នៅស៊ីរី។
គួរបញ្ជាក់ថា ជនសង្ស័យដែលនៅសល់ មានម្នាក់ជាពលរដ្ឋនៃប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ មានអាយុ៣៧ឆ្នាំ ត្រូវបានចាប់ខ្លួននៅក្នុងតំបន់ Petaling Jaya នៃខេត្ត Selangor កាលពីថ្ងៃទី២៣ ខែកម្ភៈ ខណៈជនសង្ស័យ០៤នាក់ផ្សេងទៀត គឺជាជនជាតិយេមែន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៦ ខែកុម្ភៈ នៅឯតំបន់ Serdang និង Cyberjaya ស្ថិតក្នុងខេត្ត Selangor៕