(វ៉ាស៊ីនតោន)៖ ក្រុមអ្នកគំាទ្រលោក ដូណាល់ ត្រាំ បានប៉ះទង្គិចគ្នាដោយអំពើហិង្សាជាមួយក្រុមបាតុករប្រឆាំង នៅឯពិធីជួបជុំគ្នាមួយ ដើម្បីសម្ដែងការគាំទ្រ ដល់ប្រធានាធិបតីអាមេរិកដ៏ចម្រូងចម្រាស់រូបនេះនៅក្នុងទីក្រុង Berkeley នៃរដ្ឋ California នៅថ្ងៃសៅរ៍សប្ដាហ៍នេះ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៥ ខែមីនា ឆ្នាំ២០១៧។
ការប៉ះទង្គិចគ្នាបានកើតឡើង នៅឯសួនច្បារមួយកន្លែងស្ថិតក្នុងទីក្រុង Berkeley ដោយក្រុមបាតុករទំាងសងខាងមួយចំនួនបានយកដំបងឈើ វាយសំពងក្បាលគ្នាទៅវិញទៅមក ហើយអ្នកខ្លះទៀត ថែមទំាងបាញ់ម្សៅម្រេចដាក់គ្នាទៀតផង ខណៈប៉ូលិសក៏បានចូលធ្វើអន្តរាគមដែរ និងបានឃាត់ខ្លួន មនុស្សយ៉ាងហោចណាស់០៥នាក់ រីឯមនុស្ស០៣នាក់បានរងរបួស។ ក៏ប៉ុន្តែគេមិនទាន់ដឹងថា ភាគីណាមួយជាអ្នកបង្ក ហេតុមុននោះទេ។
«មានការខឹង សម្បារជាច្រើនចេញពីក្រុមអ្នកតវ៉ា ហើយយើងគិតថា វាពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្ហាញការគាំទ្ររបស់យើង»។ នេះបើតាមលោក Peter Boykin ជាប្រធានក្រុមចលនាអ្នកស្រឡាញ់ភេទគ្នា គំាទ្រលោកដូណាល់ ត្រាំ ដែលបានជួយរៀបចំពិធីជួបជុំនៅក្នុងទីក្រុង Washington។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរប៉ូលិស ក្រុមអ្នកគាំទ្រ និងប្រឆំាងលោក ដូណាល់ ត្រាំ ពី២០០ ទៅ៣០០នាក់ បានប្រមូលផ្ដុំគ្នានៅក្នុងទីក្រុង Berkeley ហើយការប្រមូលផ្ដុំគ្នានេះ ក៏បានធ្វើឡើងផងដែរ នៅរដ្ឋ Minnesota,Tennessee, New York និង Washington ជាដើម៕