(ម៉ូស្គូ)៖ របាយការណ៍ថ្មីមួយដែលទើបតែបង្ហាញនៅមុនសមាជប្រចាំឆ្នាំ របស់រដ្ឋសភាចិន នៅក្នុងទីក្រុងប៉េកាំងនោះបានឲ្យដឹងថា សមាជិកសភាដ៏មានឥទ្ធិពលខាងទ្រព្យសម្បត្តិ និងមុខជំនួញតែជាង១០០នាក់ប៉ុណ្ណោះ ក៏មានទ្រព្យសម្បត្តិសរុបចូលគ្នារហូតដល់ជាង ៥០០ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រាក់ចំណូលក្នុងស្រុកសរុបមួយឆ្នាំរបស់ប្រទេស ស៊ុយអែដ ឬក៏ប៉ូឡូញទៅហើយ។ នេះបើតាមការដកស្រង់ពីសារព័ត៌មានរុស្ស៊ី RT នារសៀលថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧។
ចំពោះសមាជិក និងមន្ត្រីក្នុងរដ្ឋសភាចិនសរុបមានចំនួន ៥,១២៩នាក់ ក្នុងនោះ ៣,០០០នាក់ជាសមាជិករបស់សមាជប្រជាជនជាតិ (NPC) ត្រូវបានចាត់ទុកជាស្ថាប័ននីតិបញ្ញតិ ដែលមានសមាជិកច្រើនជាងគេបំផុតនៅលើសកលលោក ប៉ុន្តែវាគ្មានអ្វីដែលត្រូវងឿងឆ្ងល់នោះឡើយ ព្រោះប្រទេសចិនធំធេង និងមានប្រជាជនរហូតដល់ទៅជាង ១,៣០០លាននាក់។
យោងតាមរបាយការណ៍របស់ Hurun ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ សមាជិកសភា ២០៩នាក់ក្នុងចំណោមសមាជិកទាំងអស់ អាចមានទ្រព្យសម្បត្តិក្នុងម្នាក់ៗយ៉ាងហោចណាស់ជិត ៣០០លានដុល្លារអាមេរិក ហើយដោយឡែកសមាជិកសភាជាង ១០០នាក់ទៀតស្ថិតនៅលំដាប់កំពូល គឺអាចហៅបានថាជាកំពូលមហាសេដ្ឋីប្រាក់ពាន់លានដុល្លារ ឧទាហរណ៍ដូចជាលោក Li Tzar Kuoi ដែលជាមហាសេដ្ឋីទីក្រុងហុងកុងនោះ មានទ្រព្យសម្បត្តិផ្ទាល់ខ្លួន ២៥ពាន់លានដុល្លារទៅហើយ។
សរុបប្រាក់របស់សមាជិកសភាកំពូលទាំងជាង ១០០នាក់ក៏អាចមានដល់ ៥០៧ពាន់លានដុល្លារ ហើយបើតាមទិន្នន័យពីធនាគារពិភពលោកវិញ ប្រទេសប៉ូឡូញដែលមានប្រជាជន ៣៨.៥លាននាក់ មានប្រាក់ចំណូលក្នុងស្រុក (GDP) សរុបតែ៤៦៧ពាន់លានប៉ុណ្ណោះ។ របាយការណ៍ខាងលើបានប្រៀបធៀបអ្វីដែលកំពុងកើតមានឡើងនេះទៅរបប Marxist ដែលអាចនឹងបង្កឡើងជាបញ្ហារវាង លាភសក្ការៈ ផលប្រយោជន៍ផ្ទាល់ខ្លួន ឬក៏ផលប្រយោជន៍សម្រាប់បក្ស៕