(ប៉េកាំង)៖ អគ្គរដ្ឋទូតចិនប្រចាំប្រទេសជប៉ុនលោក Cheng Yonghua ត្រូវបានសារព័ត៌មានជប៉ុនដកស្រង់សម្តី ដែលលោកបានលើកឡើងសំដៅទៅលើទំនាក់ទំនងដ៏ជិតស្និទ្ធបំផុតរវាងសហរដ្ឋអាមេរិក និងប្រទេសជប៉ុនចាប់តាំងពីលោក ដូណាល់ ត្រាំ បានឡើងកាន់តំណែងប្រធានាធិបតីជាផ្លូវការនោះថា ជាការបង្ហាញអំពីការពួតដៃគ្នាដ៏ខ្លាំងបន្ថែមទៀតរវាងសម្ព័ន្ធមិត្តទាំងពីរ ដើម្បីចាត់ទុកប្រទេសចិនជាសត្រូវជួរមុខដែលត្រូវតែទប់ទល់ឲ្យបាន។ នេះបើតាមការដកស្រង់ការផ្សាយពីសារព័ត៌មានរុស្ស៊ី RT នារសៀលថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទមួយក្នុងទីក្រុងប៉េកាំង លោក Cheng បានបញ្ជាក់យ៉ាងដូច្នេះថា «វាហាក់ដូចជាមានន័យថាប្រទេសជប៉ុន និងសហរដ្ឋអាមេរិកកំពុងបំផុសឲ្យមានការចាត់ទុកចិនជាសត្រូវរបស់ពួកគេ រួចហើយក៏បំផុសថែមទៀតឲ្យមានការរួមដៃគ្នាទប់ទល់ជាមួយចិន»។ មន្ត្រីទូតរបស់ចិនរូបនេះក៏បានរិះគន់ផងដែរចំពោះកិច្ចព្រមព្រៀងរវាងជប៉ុន-អាមេរិក នៅក្នុងដំណើរទស្សនកិច្ចរបស់លោក អាបេ ទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីខែមុនថា ជាការក្បត់នឹងពាក្យសន្យារបស់ទីក្រុងតូក្យូ ដែលថាចង់ធ្វើឲ្យទំនាក់ទំនងជាមួយទីក្រុងប៉េកាំងបានល្អប្រសើរឡើងនោះ។
គួរបញ្ជាក់ថារដ្ឋបាលអាមេរិកថ្មី បានបង្ហាញជំហរគាំទ្រជប៉ុនប្រឆាំងនឹងឥទ្ធិពលចិនចំៗតែម្តង ជាពិសេសនោះគឺការគាំទ្រការគ្រប់គ្រងរបស់ប្រទេសជប៉ុនទៅលើប្រជុំកោះ ស៊ិនកាគុ ដែលចិនហៅថា តាវយុ ស្ថិតនៅសមុទ្រចិនខាងកើត ដែលរឿងនេះទីក្រុងប៉េកាំងពិតជាមិនអាចអត់ឱនឲ្យបាននោះទេ។ បន្ថែមពីនេះទៀតសហរដ្ឋអាមេរិក ក៏គ្រោងបង្កើនឥទ្ធិពលនៃវិស័យយោធារបស់ជប៉ុន ដូចជាការចង់ឲ្យជប៉ុនមានអាវុធនុយក្លេអ៊ែរ ព្រមទាំងការអនុគ្រោះនានាដើម្បីជំរុញកំណើនសេដ្ឋកិច្ចជប៉ុន ទប់ទល់នឹងអំណាចចិន៕