(តូក្យូ)៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Rex Tillerson នឹងទៅបំពេញដំណើរទស្សនកិច្ចនៅឯប្រទេសជប៉ុន កូរ៉េខាងត្បូង និងចិននាពេលឆាប់ៗខាងមុខក្នុងខែមីនានេះ ដើម្បីធ្វើការពិភាក្សាអំពីបញ្ហាកូរ៉េខាងជើង នៅអំឡុងដំណើរទស្សនកិច្ចជាលើកទីមួយទៅកាន់តំបន់អាស៊ីខាងកើត ចាប់តាំងតែពីរូបលោកបានឡើងកាន់តំណែង ជាប្រមុខការទូតកំពូលរបស់អាមេរិកមក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧។
ដំណើរទស្សនកិច្ចរបស់លោក Tillerson នឹងត្រូវធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកនិងចិន កំពុងព្យាយាមធ្វើឲ្យទំនាក់ទំនងរវាងមហាយក្សទាំងពីរ មានតុល្យភាពឡើងវិញបន្ទាប់ពីការកើតមានឡើងនៃបញ្ហាបន្តិចបន្តួច ក្រោយការជាប់ឆ្នោតរបស់ប្រធានាធិបតីលោក ដូណាល់ ត្រាំ ក៏ដូចជានៅចំពោះមុខភាពតានតឹងដ៏ក្តៅគគុកជុំវិញបញ្ហាកូរ៉េខាងជើង ពាក់ព័ន្ធករណីឃាតកម្មលើបងប្រុសម្តាយទីទៃរបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន។
យ៉ាងណាមិញអ្នកនាំពាក្យមួយរូបរបស់ក្រសួងការបរទេសអាមេរិកបានថ្លែងដូច្នេះថា «ពួកយើងពុំមានគំរោងដំណើរទស្សនកិច្ចណាមួយដែលត្រូវប្រកាសនោះឡើយ» ហើយព្រមពេលជាមួយគ្នានេះក្រសួងការបរទេសជប៉ុន និងកូរ៉េខាងត្បូងក៏មិនអាចទាក់ទងបានដើម្បីសុំការធ្វើអធិប្បាយផងដែរ ហើយក្រសួងការបរទេសចិនថែមទាំងពុំបានធ្វើការឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការធ្វើអត្ថាធិប្បាយដូចគ្នា។
ប៉ុន្តែទីភ្នាក់ងារព័ត៌មានជប៉ុន Kyodo ដោយផ្អែកលើប្រភពទទួលបានពីផ្នែកការទូតបានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសអាមេរិក Rex Tillerson ត្រូវបានគេរំពឹងថានឹងធ្វើដំណើរទៅកាន់ប្រទេសជប៉ុនរយៈពេលពីរថ្ងៃ ពោលពីថ្ងៃទី១៧-១៨ ខែមីនា ហើយនឹងចូលជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុនលោក Fumio Kishida។ យោងតាមព័ត៌មាន Kyodo លោកទាំងពីរទំនងជានឹងពិភាក្សាគ្នាអំពីកាលបរិច្ឆេទនៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ទៅកាន់ជប៉ុន។
ដោយឡែកនៅឯប្រទេសចិន លោក Tillerson នឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ក៏ដូចជាប្រធានាធិបតី ស៊ី ជីនពីង ថែមទៀតផង ហើយភាគីទាំងពីរត្រូវគេរំពឹងថានឹងរៀបចំជំនួបពិភាក្សានៅសហរដ្ឋអាមេរិករវាងលោក ស៊ី និងលោក ត្រាំ ដែលអាចនឹងប្រព្រឹត្តដោយឆាប់បំផុតគឺនៅខែមេសាខាងមុខ។ មួយវិញទៀតលោក Rex Tillerson កាលពីខែកុម្ភៈកន្លងទៅបានទទូចឲ្យចិនធ្វើអ្វីគ្រប់បែបយ៉ាងតាមតែអាចធ្វើទៅបាន ដើម្បីកាត់បន្ថយអាកប្បកិរិយានៃការបង្កអស្ថិរភាពរបស់កូរ៉េខាងជើង បន្ទាប់ពីការធ្វើតេស្តមីស៊ីលផ្លោងថ្មីចុងក្រោយបំផុតរបស់ប្រទេសកុម្មុនិស្តមួយនេះ។
គួរបញ្ជាក់ថានៅក្នុងរដ្ឋធានីសេអ៊ូលវិញ លោក Rex Tillerson នឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូងលោក Yun Byung Se ហើយលោករដ្ឋមន្រ្តីទាំងពីរនឹងពិភាក្សាអំពីកម្មវិធីអាវុធនុយក្លេអ៊ែរ ព្រមទាំងមីស៊ីលរបស់របបដឹកនាំទីក្រុងព្យុងយ៉ាង ក៏ដូចជាករណីឃាតកម្មនាពេលថ្មីៗនេះទៅលើលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃរបស់ប្រមុខដឹកនាំកំពូលផុតលេខរបស់កូរ៉េខាងជើងលោក គីម ជុងអ៊ុន៕