(ប៉េកាំង)៖​ អ្នកនាំពាក្យ​មួយ​រូបរបស់រដ្ឋសភាចិន បានបង្ហើបឲ្យដឹងនៅ​ថ្ងៃសៅរ៍នេះថា ថវិកាជាតិ​សម្រាប់វិស័យ​​ការពារជាតិ​ នឹងត្រូវបង្កើនបន្ថែម ៧ភាគរយ​ទៀត​នៅក្នុង​ឆ្នាំនេះ លើសពី​ឆ្នាំ២០១៦ ដែលមាន​​ត្រឹមតែ ១៤៦ពាន់លានដុល្លារអាមេរិក​ប៉ុណ្ណោះ ខណៈអាមេរិកកាលពីឆ្នាំ២០១៦ ដូចគ្នា​មានរហូតទៅដល់ ៥៣៤ពាន់លានដុល្លារ។ នេះបើតាមសារព័ត៌មាន Channel News Asia ដកស្រង់ពី Reuters នាព្រឹក​ថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧។

ការបង្កើនថវិកាជាតិ​សម្រាប់វិស័យ​ការពារជាតិរបស់ចិនខាង​លើនេះ កើតមានឡើង​ស្របពេល​ដែលមហាអំណា​ច​អាមេរិក ក៏ទើបប​ង្ហាញគ្រោងបង្កើន​ដូចគ្នា។ សហរដ្ឋអាមេរិក​ហាក់បង្ហាញ​ឥទ្ធិពលខ្លាំង​មកលើ​ប្រទេសចិន តាមរយៈការ​បង្ហាញជំហរ​ប្រឆាំងចិន​ខ្លាំងជាងមុន​លើបញ្ហាសមុទ្រ​ចិនខាងត្បូង និងការបំពាក់​បង្កូមឲ្យ​កូរ៉េខាងត្បូង និងជប៉ុន​មានសមត្ថភាព​ទប់ទល់នឹងចិន កាន់តែខ្លាំងជាងមុន​ទៀត៕​