(ម៉ាឌ្រីដ)៖ ប្រទេសអេស៉្បាញបានធ្វើការតែងតាំង «រដ្ឋមន្រ្តីផ្លូវភេទ» ដំបូងបំផុតរបស់ខ្លួនដែលមាននាទីទទួលបន្ទុកធ្វើយ៉ាងជំរុញប្រជាជនឲ្យព្យាយាមយកបុត្រធីតា ដោយរដ្ឋាភិបាលសង្ឃឹមថានឹងអាចបង្កើនអត្រាបង្កកំណើត ដែលកំពុងធ្លាក់ចុះរបស់ប្រទេសតំបន់អឺរ៉ុបមួយនេះ និងទាបបំផុតនៅក្នុងចំណោមប្រទេសអភិវឌ្ឍន៍។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Fox News នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧។
ប្រភពព័ត៌មានខាងលើបានឲ្យដឹងថា នាយករដ្ឋមន្រ្តីអេស៉្បាញលោក Mariano Rajoy បានតែងតាំងលោកស្រី Edelmira Barreira រដ្ឋមន្រ្តីខាងផ្លូវភេទរបស់ប្រទេស ដើម្បីជំរុញឲ្យពលរដ្ឋអាស៉្បាញបង្កើតកូនឲ្យបានច្រើនបន្ថែមទៀត ខណៈប្រទេសតំបន់អឺរ៉ុបមួយនេះកំពុងតែប្រឈមមុខជាមួយវិបត្តិចំនួនប្រជាជន ដោយមានអត្រាកំណើតតិចជាងអត្រានៃការស្លាប់ជាលើកដំបូងមិនធ្លាប់កាលពីឆ្នាំ២០១៦កន្លងទៅនេះ។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៨មក ចំនួនទារកដែលបានកើតនៅក្នុងប្រទេសអេស៉្បាញ បានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ទៅ១៨ភាគរយ ហើយចំនួននៃគូស្វាមីភរិយាដែលគ្មានកូនវិញនោះបានកើតកើនឡើងស្ទើរតែបីដងពោលគឺពី១.៥លានកាលពីឆ្នាំ១៩៧៧ ទៅដល់៤.៤លាននៅក្នុងឆ្នាំ២០១៥។ ជុំវិញបញ្ហានេះអ្នកជំនាញជាច្រើនបានលើកឡើងថា ការបំពេញការងារច្រើនម៉ោង និងទំនៀមទំលាប់នៃការចូលចិត្តញ៉ាំអាហារយប់ជ្រៅ ក៏ដូចជាការទទួលទានដំណេកក្រោយរំលងអាធ្រាត សុទ្ធតែចូលរួមចំណែកមួយភាគធំនៅក្នុងការថយចុះនេះ៕