(ប៉េកាំង)៖ អាជ្ញាធរទេសចរណ៍ចិន បានព្រមានប្រជាពលរដ្ឋរបស់ខ្លួនប្រឆាំងនឹងការធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូង នៅក្រោយពេលដែលភ្ញៀវទេសចរចិនជាង១០០នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងព្រលានយន្តហោះកូរ៉េខាងត្បួងមួយកន្លែង អស់រយៈរហូតដល់ទៅប្រាំថ្ងៃ ម៉្យាងវិញទៀតបញ្ហានេះបានកើតឡើងនៅចំពេលប្រទេសទាំងពីរ កំពុងតែមានភាពមិនចុះសម្រុងនឹងគ្នាធ្ងន់ធ្ងរជុំវិញការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលថ្មីរបស់រដ្ឋាភិបាលទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧។
រដ្ឋបាលទេសចរណ៍ជាតិចិន CNTA បានធ្វើការព្រមាន និងទូន្មានដល់ជនទាំងឡាយណា ដែលមានចំណាប់អារម្មណ៍ចង់ធ្វើដំណើរទៅកាន់ «ដែនដីនៃភាពស្ងប់ស្ងាត់នាព្រឹកព្រលឹម» ឲ្យសិក្សាស្វែងយល់ឲ្យបាបគ្រប់ជ្រុងជ្រោយ និងយកចិត្តទុកដាក់អំពីច្បាប់នៃការចូលទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅមុនពេលសម្រេចចិត្តថា ធ្វើដំណើរទៅទីនោះ។
កោះចេជូ (Jeju) គឺជាកោះដ៏ធំជាងគេបង្អស់នៅក្នុងចំណោមកោះរាប់រយនៅកូរ៉េខាងត្បូង ហើយវាបានក្លាយជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយមួយសម្រាប់ភ្ញៀវទេសចរចិននាពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ ភាពល្បីល្បាញនៃកោះទេសចរណ៍នេះជាមួយអ្នកដំណើរចិនគឺភាគច្រើនដោយសារតែគោលការណ៍លើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន។ ដោយឡែកភ្ញៀវទេសចរចិនមិនត្រឹមតែបានចូលរួមចំណែកយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចនៃកោះ Jeju ប៉ុណ្ណោះទេ តែក៏បានបង្កឲ្យមានការកើនឡើងនៃបទឧក្រិដ្ឋផ្សេងៗជាច្រើនផងដែរ បន្ទាប់ពីគោលការណ៍លើកលែងទិដ្ឋាការត្រូវបានអនុវត្តន៍កាលពីឆ្នាំ២០០៨។
កាលពីខែតុលា ឆ្នាំ២០១៦ កោះ Jeju បានបដិសេធមិនឲ្យភ្ញៀវទេសចរចិនជាង១០០នាក់ចូលទៅកាន់ឡើយ ដោយបានឃាត់ខ្លួនពួកគេនៅឯអាកាសយានដ្ឋាន ហើយពុំមានហេតុផលណាមួយត្រូវបានបញ្ជាក់ឲ្យបានច្បាស់ អំពីការបដិសេធមិនឲ្យចូលទៅកម្សាន្តនៅទីនោះឡើយ តែទង្វើនេះប្រហែលជាត្រូវបានធ្វើឡើងដើម្បីជួយកាត់បន្ថយការកើនឡើងនៃភាពតានតឹងរវាងភ្ញៀវទេសចរ និងប្រជាជនកូរ៉េខាងត្បូងដែលរស់នៅលើកោះ Jeju។
គួរបញ្ជាក់ថាការឃាត់ខ្លួនភ្ញៀវទេសចរខាងលើមិនបញ្ហាតែមួយគត់ដែលបង្កភាពតឹងតែងរវាងចិន និងកូរ៉េខាងត្បូងឡើយ។ ការដំឡើងប្រព័ន្ធខែលការពារមីស៊ីលផលិតឡើងដោយសហរដ្ឋអាមេរិក THAAD នៅលើទឹកដីកូរ៉េខាងត្បូង បានបណ្តាលឲ្យរដ្ឋាភិបាលទីក្រុងប៉េកាំងចោទប្រកាន់ថា រដ្ឋាភិបាលទីក្រុងសេអ៊ូលអាចប្រើប្រាស់ប្រព័ន្ធរ៉ាដារបស់ THAAD ដើម្បីឃ្លាំមើលសកម្មភាពយោធារបស់ចិនឲ្យសហរដ្ឋអាមេរិក ទោះបីជាកូរ៉េខាងត្បូងបានធានាអះអាងជាដដែលៗថា ប្រព័ន្ធ THAAD មានគោលដៅតែមួយគត់គឺដើម្បីការពារខ្លួនការគំរាមកំហែងនានាពីសំណាក់កូរ៉េខាងជើង។
ម៉្យាងវិញទៀតជុំវិញបញ្ហាការដាក់ពង្រាយប្រព័ន្ធ THAAD ដ៏ទំនើបនេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងធ្លាប់បានរាយការណ៍ថា ចិនមានចេតនាចង់ដាក់បំរាមហាមឃាត់ប្រជាជនមិនឲ្យធ្វើដំណើរទៅកាន់កូរ៉េខាងត្បូងដើម្បីសម្តែងការតវ៉ាប្រឆាំង តែវាគឺជាការចោទប្រកាន់ដែលទីភ្នាក់ងារទេសចរណ៍ចិនបានច្រានចោល។ កាលពីឆ្នាំ២០១៦ នៅក្នុងចំណោមភ្ញៀវទេសចរបរទេសទាំងអស់ទៅកាន់ចិន គឺមានប្រជាជនចិនប្រហែល៤៧ភាគរយ ហើយការដាក់បំរាមធ្វើដំណើរពីសំណាក់ទីក្រុងប៉េកាំងនឹងបង្កចលាចលខ្លាំងដល់វិស័យទេសចរណ៍កូរ៉េខាងត្បូងជាក់ជាមិនខាន៕