(វ៉ាស៊ីនតោន)៖ សមាជិកព្រឹទ្ធសភាអាមេរិកដ៏ល្បីឈ្មោះគឺលោក John McCain បានទទូចឲ្យប្រធានាធិបតី លោក ដូណាល់ ត្រាំ បង្កើនកម្លាំងក៏ដូចជាចំនួនកងទ័ពនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដោយសម្អាងលើហេតុផលថា សហរដ្ឋអាមេរិកកំពុងតែស្ថិតនៅក្នុងសមរភូមិដ៏ក្តៅគគុកជាមួយអំពើភេរវកម្មនៅឡើយមិនទាន់បញ្ចប់នោះទេ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅមុននេះបន្តិចនាព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧។
លោក John McCain ដែលប្រធានគណៈកម្មាធិការផ្នែកសព្វាវុធនៃព្រឹទ្ធសភាអាមេរិកនៅសុក្រនេះបានលើកឡើងថា ប្រធានាធិបតីលោក ដូណាល់ ត្រាំ គួរតែប្រើប្រាស់ធនធានចាំបាច់ទាំងប៉ុន្មានដើម្បីប្រឈមដោះស្រាយស្ថានការណ៍សន្តិសុខនៅអាហ្វហ្គានីស្ថាន។ លោក McCain បានថ្លែងដូច្នេះថា «សហរដ្ឋអាមេរិកនៅតែស្ថិតក្នុងសង្រ្គាមនៅឡើយទេ នៅឯប្រទេសអាហ្វហ្គានីស្ថាន ដើម្បីប្រឆាំងនឹងសត្រូវភេរវករដែលបានបើកការវាយប្រហារមកលើប្រជាជាតិរបស់យើង កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ហើយការធានាសន្តិសុខនៅអាហ្វហ្គានីស្ថាន ក៏ដូចជាការទប់ស្កាត់ការវាយប្រហារដទៃទៀតមកលើមាតុភូមិរបស់យើងនោះ ទាមទារឲ្យមានចំនួនមនុស្សក្នុងកម្រិតដ៏សាកសមនៅក្នុងទីកន្លែងដ៏ត្រឹមត្រូវ ជាមួយនិងសិទ្ធិអំណាចក៏ដូចជាសមត្ថភាពសមស្របផងដែរ»។
ដោយឡែកនៅថ្ងៃពុធសប្តាហ៍នេះមនុស្សយ៉ាងហោចណាស់ ២២នាក់បានបាត់បង់ជីវិត និង១២០នាក់ផ្សេងទៀតបានទទួលរងរបួសនៅក្នុងការវាយលុកចំនួនបីកន្លែងក្នុងពេលតែមួយរបស់ក្រុមសកម្មប្រយុទ្ធតាលីបង់ ទៅលើបន្ទាយសន្តិសុខនៅរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាន ហើយវាគឺជាការវាយប្រហារថ្មីចុងក្រោយគេបំផុតរបស់ក្រុមនេះទៅលើកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន។
គួរបញ្ជាក់ថាអាហ្វហ្គានីស្ថានបាន និងកំពុងប្រឈមមុខនឹងអស្ថិរភាពអស់រយៈពេលជាច្រើនឆ្នាំ ដោយកងកម្លាំងរដ្ឋាភិបាលបានធ្វើការតស៊ូប្រយុទ្ធឥតស្រាកស្រានដើម្បីប្រឆាំងនឹងក្រុមឧទ្ទាមតាលីបង់ដែលព្យាយាមបង្កើតច្បាប់អ៊ីស្លាម Sharia ដ៏តឹងរ៉ឹងនៅក្នុងប្រទេសតំបន់អាស៊ីខាងត្បូងមួយនេះ។ ភាពចលាចលនេះក៏បានផ្តល់កំណើតឲ្យក្រុមភេរវករដ៏មានឥទ្ធិពលដទៃៗផ្សេងទៀត រួមមានក្រុម ISIS ជាដើម ខណៈកងកម្លាំងសន្តិសុខ និងការពារជាតិអាហ្វហ្គានីស្ថាន ក៏ដូចជាកងទ័ពអាមេរិកដែលឈរជើងនៅទីនោះ បច្ចុប្បន្នកំពុងបន្តបើកប្រតិបត្តិការយ៉ាងក្តៅគគុក ដើម្បីកម្ចាត់អំពើភេរវកម្មនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន៕