(វ៉ាលីងតោន)៖ យោធា​ និងរដ្ឋបាល​ការពារជាតិ​នូវែលសេឡង់កំពុងសម្លឹង​រកមើលកន្លែង​សាងសង់​ទីស្នាក់កណ្ដាលថ្មី​របស់ខ្លួន​បន្ទាប់​​ពី​​​គ្រោះ​រញ្ជួយដីដ៏​កក្រើក​កម្រិត៧.៨រ៉ិចទ័រ បានបំផ្លាញ​ទីស្នាក់ការ​ចាស់កាលពី​ខែវិចិ្ឆកា ឆ្នាំ២០១៦​កន្លងទៅ។ នេះ​បើ​តាម​​ការ​ដកស្រង់​​ការ​ផ្សាយ​ចេញ​ពី​ទីភ្នាក់ងារ​​ព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៤ ខែមីនា ឆ្នាំ២០១៧។

ទីស្នាក់ការចាស់​ដែលមាន​ចំណាស់ជាង១០ឆ្នាំ​របស់ក្រសួង​ការពារជាតិ និងកងកម្លាំង​ការពារជាតិ​នូវែលសេឡង់ (NZDF) បាន​ទទួល​រង​​ការ​​ខូច​ខាត​យ៉ាង​ដំណំដោយសារគ្រោះរញ្ជួយដីកាលពីឆ្នាំមុន។ ជុំវិញបញ្ហា​នេះដែរ NZDF បានឱ្យដឹងនៅ​ថ្ងៃសុក្រសប្តាហ៍នេះថា ពួក​គេនឹង​​ចាប់​ផ្ដើម​កសាង​ទីស្នាក់ការ​កណ្តាលថ្មី​នៅក្នុងពេលឆាប់ៗ​នេះ ដែលនឹងត្រូវ​ចំណាយប្រាក់​ដ៏ច្រើន​សន្ធឹកសន្ធាប់ ក៏​ប៉ុន្តែ​ពុំ​ទាន់​​បាន​បញ្ជាក់​ពី​​ចំនួន​ទឹក​ប្រាក់​ត្រូវ​ចំណាយ​នៅឡើយ​​នោះ​ទេ។

គួររំលឹកថាកាល​ពីថ្ងៃទី១៤​ ខែវិចិ្ឆកា ឆ្នាំ២០១៦ គ្រោះរញ្ជួយដី​កំរិតដ៏ខ្លំាងក្លា​មួយ​មាន​កម្រិត ៧.៨ រ៉ិចទ័រ បានវាយប្រហារ​មកលើ​តំបន់ឆ្នេរ Kaikoura ជាមួយនឹង​ការបំផ្លិចបំផ្លាញ​​អាគារ​ជាច្រើន រួមមានទំាង​អាគាររដ្ឋាភិបាល​ និងផ្ទះសម្បែង​ប្រជាជនជាច្រើនផងដែរ៕