(សិង្ហបុរី)៖ ដីសរុបចំនួន៨៨ហិកតា ដែលមានតម្លៃប្រមាណ៩០០លានដុល្លារសិង្ហបុរី ស្មើនឹង៦៣៥.៨៦លានដុល្លារសហរដ្ឋអាមេរិក នៅភាគខាងលិច ប្រទេសសិង្ហបុរី នឹងត្រូវសាងសង់ជាទីលានហ្វឹកហាត់ សម្រាប់ពលទាហាន។ នេះបើតាមសម្តីរដ្ឋមន្ត្រីការពារជាតិសិង្ហបុរី លោក Ng Eng Hen ចុះផ្សាយដោយសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៧នេះ។
គម្រោងដែលនឹងធ្វើឡើនៅទីក្រុង Safti នេះត្រូវបានគេរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេល១០ឆ្នាំ។ នៅពេលដែលការសាងសង់បញ្ចប់ លោក Ng Eng Hen បានឲ្យដឹងថា វានឹងអនុញ្ញាតឲ្យពលទាហាន ធ្វើការហ្វឹកហាត់ នៅតំបន់ដែលមានបរិស្ថានល្អ ជាមួយនឹងទេសភាព នៅក្នុងប្រទេសសិង្ហបុរី។
លោកបញ្ជាក់ថា សិង្ហបុរី ត្រូវតែមានទីលានហ្វឹកហាត់លំដាប់ថ្នាក់ពិភពលោក នៅក្នុងប្រទេសរបស់ខ្លួន ហើយត្រូវតែជៀសវាងចំពោះការហ្វឹកហាត់ នៅទីលានក្រៅប្រទេស។
ទីក្រុង Safti City នឹងមានលក្ខណៈពិសេស ទាំងជាទីតាំងដីទីក្រុង និងសាមញ្ញ ដែលនឹងមានការបង្កើនផ្ទះតម្លៃទាប, អគារខ្ពស់ៗ, ព្រៃ, ទន្លេ និងភ្នំ ដូច្នេះវានឹងអនុញ្ញាតិឲ្យពលទាហាន ធ្វើការប្រយុទ្ធគ្រប់សណ្ឋានដីទាំងអស់ ប្រកបដោយភាពជោគជ័យ ដោយសារពួកគេនឹងហ្វឹកហាត់ ក្នុងបេសកកម្មជីវិតពិតៗ៕