(គូឡាឡាំពួរ)៖ ប៉ូលិសម៉ាឡេស៊ីបានចេញដីកាចាប់ខ្លួនបុគ្គលិម្នាក់ របស់អាកាចរណ៍ជាតិកូរ៉េខាងជើង Air Koryo នៅក្នុងការជាប់ទាក់ទងជាមួយករណីឃាតកម្ម ទៅលើលោក គីម ជុងណាំ ដែលត្រូវជាបងប្រុសម្តាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។
មេបញ្ជាការប៉ូលិសម៉ាឡេស៊ីលោក Khalid Abu Bakar បានប្រាប់ទៅកាន់ទីភ្នាក់ងារព័ត៌មានជាតិម៉ាឡេស៊ី Bernama នាថ្ងៃសុកនេះតាមរយៈបណ្តាញទំនាក់ទំនងសង្គម WhatsApp ថា បុគ្គលឈ្មោះ គីម អ៊ុកអ៊ីល (Kim Uk Il) ដែលមានវ័យ៣៧ឆ្នាំ គឺជាជនសង្ស័យ ដែលត្រូវនាំខ្លួនដើម្បីយកមកធ្វើការសាកសួរចម្លើយ។ លោក Khalid បានបន្ថែមទៀតថា ប៉ូលីសម៉ាឡេស៊ីក៏បានផ្ញើលិខិតមួយតាមរយៈក្រសួងការបរទេសដើម្បីទាមទារកិច្ចសហការរបស់លោក Hyon Kwang Song ដែលជាមន្រ្តីជាន់ខ្ពស់នៃស្ថានទូតកូរ៉េខាងជើងនៅរដ្ឋធានីគូឡាឡាំពួរផងដែរ។
អាជ្ញាធរម៉ាឡេស៊ីជឿជាក់ថាលោក Hyon បានជួយបញ្ជូនជនសង្ស័យកូរ៉េខាងជើងចំនួនបួននាក់តាមអាកាសយានដ្ឋានអន្តរជាតិគូឡាឡាំពួរកាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅនេះ ជាថ្ងៃដែលបុរសជនជាតិកូរ៉េខាងជើងម្នាក់ដែលគេជឿថាជាលោក គីម ជុងណាំ ត្រូវបានគេលួចធ្វើឃាត ហើយជនសង្ស័យទាំងបួននាក់នោះទំនងជាអ្នករៀបចំគំរោងការធ្វើឃាតនេះ។
គួរបញ្ជាក់ថាលោក Hyon មានអភ័យឯកសិទ្ធការទូតការពារខ្លួន ហើយលោក Khalid ធ្លាប់បានលើកឡើងពីមុនមកថាមន្រ្តីប៉ូលិសម៉ាឡេស៊ីនឹងគោរពតាមនីតិវិធីអន្តរជាតិដើម្បីទទួលបានព័ត៌មានពីលោក Hyon។ ដោយឡែកបុរសជនជាតិកូរ៉េខាងជើងម្នាក់ផ្សេងទៀតឈ្មោះ Ri Jong Chol ដែលត្រូវបានប៉ូលិសចាប់ឃាត់ខ្លួនជុំវិញករណីឃាតកម្មលោក គីម ជុងណាំ នោះត្រូវបានដោះលែងនៅថ្ងៃសុក្រនេះ ដោយសារតែពុំមានភស្តុតាងគ្រប់គ្រាន់ប្រឆាំងនឹងរូបលោក ហើយគេរំពឹងថាលោក Ri នឹងត្រូវនិរទេសទៅកាន់កូរ៉េខាងជើងវិញនាល្ងាចនេះ៕