(អឺរ៉ុប)៖ សភាអឺរ៉ុបបានអនុម័តដំណោះស្រាយមួយអំពាវដល់សហភាពអឺរ៉ុប ឲ្យបង្ខំប្រជាជនអាមេរិកបំពេញបែបបទស្នើសុំទិដ្ឋាការត្រឹមត្រូវនៅមុនពេលធ្វើដំណើរមកកាន់បណ្តាប្រទេសអឺរ៉ុប លុះត្រាតែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបន្តគោរពតាមគោលនយោបាយដោះដូរទិដ្ឋាការ ហើយឈប់មានការរើសអើងប្រឆាំងនឹងពលរដ្ឋអឺរ៉ុបនៅភាគខាងកើតទៀត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅមុននេះបន្តិចនារសៀលថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។
ដំណោះស្រាយខាងលើដែលត្រូវបានអនុម័ត ដោយការលើកដៃទាមទារឲ្យភាពស្មើគ្នាសម្រាប់រាល់ប្រជាពលរដ្ឋអឺរ៉ុបពីសំណាក់ទីក្រុងវ៉ាស៊ីនតោន ដោយសារតែសហរដ្ឋអាមេរិកនៅតែបន្តបដិសេធ ចំពោះការធ្វើដំណើរដោយឥតចាំបាច់ទិដ្ឋាការសម្រាប់ប្រជាជនមកពី ប្រទេស ប៉ូឡូញ ក្រូអាស៊ី រ៉ូម៉ានី ប៊ុលហ្គារី និងសាធារណរដ្ឋសាយព្រឺស ខណៈប្រទេសជាសមាជិក EU ចំនួន២៣ផ្សេងទៀតអាចធ្វើដំណើរចូលទៅកាន់ទឹកដីអាមេរិកបានតាមរយៈការប្រើប្រាស់កម្មវិធីលើកលែងទិដ្ឋាការ (VWP) ដែលបានព្រមព្រៀងគ្នា។
ជុំវិញបញ្ហានេះសមាជិកសភាសហភាពអឺរ៉ុប បានទទូចឲ្យគណៈកម្មការ EU ចាត់វិធានការតាមផ្លូវច្បាប់ដែលចាំបាច់ផ្សេងៗនៅក្នុងរយៈពេលពីរខែ ដើម្បីដាក់កម្រិតទៅលើការធ្វើដំណើរមកកាន់ទ្វីបអឺរ៉ុប ដោយលើកលែងទិដ្ឋាការសម្រាប់ប្រជាជនអាមេរិក។ សភា EU បានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា «គណៈកម្មការ EU មានកាតព្វកិច្ចតាមច្បាប់ ក្នុងការប្រើប្រាស់ចំណាត់ការទាំងឡាយណាជាបណ្តោះអាសន្ន ដើម្បីដាក់ចេញនូវលក្ខខណ្ឌទិដ្ឋាការសម្រាប់ពលរដ្ឋអាមេរិក ដោយសម្អាងថាទីក្រុងវ៉ាស៊ីនតោន នៅតែមិនផ្តល់ការលើកលែងទិដ្ឋាការឲ្យប្រជាជននៃបណ្តាប្រទេសអឺរ៉ុបទាំងប្រាំ»។
ការបំពានកម្មវិធី VWP ត្រូវបានរាយការណ៍ជាលើកដំបូងកាលពីខែមេសា ឆ្នាំ២០១៤ នៅពេលដែលគណៈកម្មការអឺរ៉ុបបានទទួលដំណឹងថាប្រទេសចំនួនប្រាំរួមបញ្ចូលទាំងសហរដ្ឋអាមេរិក មិនគោរពតាមកាតព្វកិច្ចរបស់ពួកគេដើម្បីអនុញ្ញាតការលើកលែងទិដ្ឋាការដល់រាល់ប្រជាពលរដ្ឋនៅទ្វីបអឺរ៉ុបនោះឡើយ ខណៈជនជាតិអាមេរិកនៅតែទទួលបានការអនុញ្ញាតឲ្យជាន់លើទឹកដីរបស់ EU ដោយមិនចាំបាច់មានទិដ្ឋាការដដែល។
គួរបញ្ជាក់ថាក្រោយមកសហភាពអឺរ៉ុប ក៏បានផ្តល់ដំណឹងទៅកាន់ទីក្រុងវ៉ាស៊ីនតោនអំពីការរំលោភបំពាននេះ ហើយទុកជម្រើសឲ្យអាមេរិកចាប់ផ្តើមការអនុវត្តន៍ឡើងវិញ នៅក្នុងរយៈពេល២៤ខែ ដែលមកទល់ពេលនេះការហាមឃាត់របស់សហរដ្ឋអាមេរិក នៅតែមានសុពលភាពនៅឡើយទេ។ ដូច្នេះបើសិនជាអាមេរិកមិនដកបំរាមទិដ្ឋាការ នៅខែមេសាខាងមុខនេះទេនោះ គណៈកម្មការអឺរ៉ុបនឹងតម្រូវឲ្យចេញសកម្មភាព និងផ្អាកការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋអាមេរិកជាបណ្តោះអាសន្នក្នុងរយៈពេល១២ខែ លុះត្រែតែសភា ឬមួយក៏ក្រុមប្រឹក្សា EU ធ្វើការជំទាស់។
ដោយឡែកប្រធានគណៈកម្មការទទួលបន្ទុកការធ្វើដំណើរអឺរ៉ុប (ETC) លោក Edurado Santander ធ្លាប់បានព្រមានថា ការដាក់បំរាមទិដ្ឋាការទៅលើសហរដ្ឋអាមេរិក នឹងជះផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចនៃសហភាពអឺរ៉ុបទាំងមូល ហើយដើម្បីជៀសវាងការដាក់បំរាមនេះ ETC បានធ្វើការទាក់ទងទៅកាន់រដ្ឋាបាលប្រធានាធិបតីលោក ដូណាល់ ត្រាំ រួមរាល់ហើយដើម្បីពិភាក្សាអំពីបញ្ហានេះ ហើយវានឹងអាចដោះស្រាយចប់រួចរាល់នៅក្នុងកិច្ចជំនួបថ្នាក់រដ្ឋមន្រ្តីអឺរ៉ុប-អាមេរិក ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧នេះ៕