(សេអ៊ូល)៖ នាវាដឹកយន្តហោះចម្បាំងដើរដោយ ថាមពលនុយក្លេអ៊ែររបស់អាមេរិក USS Carl Vinson គ្រោងនឹងធ្វើដំណើរមកដល់ទីក្រុងកំពង់ផែកូរ៉េខាងត្បូងប៊ូសាន នៅថ្ងៃទី១៥ ខែមីនាខាងមុខនេះ ដើម្បីចូលរួមនៅក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ខណៈកូរ៉េខាងជើង ព្រមាននឹងថាចាត់វិធានការយោធាប្រឆាំងនឹងសមយុទ្ធយោធានេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅរសៀលថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។
សមយុទ្ធយោធាប្រចាំឆ្នាំឈ្មោះថា Foal Eagle បានចាប់ផ្ដើមធ្វើឡើងកាលពីថ្ងៃទី០១ ខែមីនា ហើយនឹងត្រូវបញ្ចប់នៅចុងខែមេសា ដោយមានការដាក់ពង្រាយអាវុធ យុទសាស្ត្រជាច្រើនក្នុងនោះមានទំាងនាវាផ្ទុកយន្ដហោះចម្បាំងអាមេរិក USS Carl Vinson និងយន្ដហោះចម្បាំងធុន F-35B ព្រមទំាងមានការចូលរួមពីកងទ័ពអាមេរិក ១០,០០០នាក់ និងកងទ័ពកូរ៉េខាងត្បូង ២៩០,០០០នាក់។
គួរបញ្ជាក់ថាកូរ៉េខាងជើងនៅថ្ងៃសុក្រនេះដែរ បានព្រមានឡើងវិញថា ខ្លួននឹងដឹកនាំការបាញ់សាកល្បងមីស៊ីសបន្ថែមទៀត ជាការជំទាស់នឹងការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ហើយក៏បានព្រមានបន្ថែមទៀតដែរ កូរ៉េខាងជើងនឹងចាត់វិធានក្តៅ ព្រមទាំងវាយបកភ្លាមៗសម្រាប់ទង្វើណាមួយដែលរំលោភលើសន្តិសុខរបស់ខ្លួន៕