(ហ្ស៊ីមបាវេ)៖ រដ្ឋាភិបាលហ្ស៊ីមបាវេ បានចេញសេចក្តីប្រកាសអាសន្នរកជំនួយមនុស្សធម៌ជាអន្តរជាតិមួយ បន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់បានជះផលប៉ះពាល់ដ៏អាក្រក់ ដល់បណ្តាខេត្តនានាពាសពេញផ្ទៃប្រទេស ហើយគិតមកទល់ពេលនេះបានផ្តាច់យកជីវិតមនុស្សចំនួន២៤៦នាក់ និងបណ្តាលឲ្យរបួសចំនួន១២៨នាក់ ព្រមទាំងបន្សល់ទុកមនុស្សចំនួន ១,៩៨៥នាក់បានបាត់បង់ទីជម្រក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅរសៀលថ្ងៃសុក្រ ទី០៣ ខែមីនា ឆ្នាំ២០១៧។
យោងតាមប្រភពព័ត៌មានដដែលខាងលើគ្រោះទឹកជំនន់ដ៏ខ្លាំងក្លានេះក៏បានបង្កឲ្យសាលារៀនចំនួន៧៤កន្លែងរងការបំផ្លិចបំផ្លាញ និងទំនប់វារីអគ្គិភ័យប្រមាណ ៧០កន្លែងត្រូវលេចធ្លាយ ព្រមទាំងគ្រឹះស្ថានសុខាភិបាលចំនួនប្រាំផ្សេងទៀតទទួលការខូចខាតផងដែរ ហើយសេចក្តីប្រកាសសុំជំនួយពីសហគមន៍អន្តរជាតិនេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីហ្ស៊ីមបាវេលោក Robert Mugabe បានចាត់ទុកគ្រោះទឹកជំនន់នេះ ជាគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរបំផុតមួយ ខណៈពេលដែលវាបានបំផ្លិចបំផ្លាញ នៅតាមផ្នែកជាច្រើនស្ទើរតែទូទាំងប្រទេស។
គួរបញ្ជាក់ថាប្រជាជាតិតំបន់អាហ្វ្រិកខាងត្បូងមួយនេះ បានស្នើសុំជំនួយប្រមាណ ១០០លានដុល្លារសហរដ្ឋអាមេរិកពីសហគមន៍អន្តរជាតិដើម្បីយកមកជួយជនរងគ្រោះទាំងឡាយ ដែលបានទទួលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់នេះ៕